ប្រទេសអាហ្សង់ទីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសញ្ញាថ្មីមួយនៃទំនាក់ទំនងជិតស្និទ្ធ ដែលរដ្ឋាភិបាលសេរីនិយមជ្រុល របស់លោក ចាវីយឺ មីឡេ(Javier Milei) កំពុងស្វែងរកការបង្កើតទំនាក់ទំនងនេះជាមួយសហរដ្ឋអាមេរិក។

នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington របស់សហរដ្ឋអាមេរិក បានចូលរួមក្នុងសមយុទ្ធនេះ រួមជាមួយនាវា នាវាពិឃាត និងឧទ្ធម្ភាគចក្រ របស់ប្រទេសអាហ្សង់ទីន ដែលធ្វើឡើងនៅចម្ងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងរមណីយដ្ឋាន Mar del Plata ។

មេបញ្ជាការ លោក អាឡិចស៊ីស វ៉កឃឺ(Alexis Walker) បាននិយាយក្នុងអំឡុងពេលបណ្តុះបណ្តាលដែលមានការចូលរួមពីរដ្ឋមន្ត្រីប្រទេសអាហ្សង់ទីនពីររូប និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ម៉ាក ស្ទេនលី(Marc Stanley) ថា ការធ្វើសមយុទ្ធនេះ គឺដើម្បីបង្ហាញពីមិត្តភាពរបស់យើង សម្ព័ន្ធមិត្ត និងភាពជាដៃគូរបស់យើង ព្រមទាំងការពិតដែលថាយើងគាំទ្រសម្ព័ន្ធមិត្ត នៅទូទាំងពិភពលោក។
បន្ទាប់ពីចូលកាន់តំណែងកាលពីខែធ្នូ លោក ចាវីយឺ មីឡេ(Javier Milei) បានប្រកាសខ្លួនឯងថាជាសម្ព័ន្ធមិត្តសកល របស់ប្រទេសខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក។