ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ខ្លួនបានប្រាប់អ្នកសម្រុះសម្រួលថាក្រុមនេះនឹងមិនចូលរួមក្នុងការចរចាបន្ថែមទៀតទេក្នុងអំឡុងពេលការឈ្លានពានដែលកំពុងបន្ត ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «កិច្ចព្រមព្រៀងពេញលេញមួយ» រួមទាំងការផ្លាស់ប្តូរចំណាប់ថ្នូរ និងអ្នកទោស ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាម។

កិច្ចពិភាក្សា ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា ដើម្បីរៀបចំបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមនិយមមួយនេះនៅក្នុងសង្គ្រាមហ្កាហ្សា បានជាប់គាំងម្តងហើយម្តងទៀត ដោយភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះដំណើរការដ៏យឺតយ៉ាវនេះ។

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រុមហាម៉ាស នេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានបន្តការវាយលុកលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានដីកាពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ឱ្យបញ្ឈប់ការវាយប្រហារនេះក៏ដោយ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីជំហររបស់យើងថា បើអ៊ីស្រាអែលបញ្ឈប់សង្គ្រាម នោះយើងត្រៀមខ្លួនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពេញលេញ ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរដ៏ទូលំទូលាយមួយ»។ អ៊ីស្រាអែល បានច្រានចោលការផ្តល់ជូនរបស់ក្រុមហាម៉ាស កន្លងមកថាមិនគ្រប់គ្រាន់ និងបាននិយាយថាខ្លួនប្តេជ្ញាថានឹងលុបបំបាត់ក្រុមដែលប្រកាន់យកការបំផ្លិចបំផ្លាញមួយនេះ៕