ការសិក្សាថ្មីមួយបានរកឃើញថា សហរដ្ឋអាមេរិក និងចិនបានបង្កើនទំហំសមយុទ្ធយោធានៅទូទាំងអាស៊ី ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាសមយុទ្ធរបស់ទីក្រុងប៉េកាំងនៅតែមានទំហំធំ និងភាពស្មុគស្មាញក៏ដោយ ។

នៅក្នុងការវាយតម្លៃនៃសមយុទ្ធយោធានៅក្នុងតំបន់អាស៊ីចន្លោះឆ្នាំ ២០០៣និង២០២២ វិទ្យាស្ថានអន្តរជាតិនៃការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រចក្រភពអង់គ្លេសបាននិយាយថា សមយុទ្ធកំពុងពង្រីកក្នុងអត្រាកើនឡើងដ៏ខ្ពស់ ដែលជំរុញដោយផ្នែក ដោយកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងចិន ដើម្បីសាកល្បងសមត្ថភាព និងជំរុញការទូតជាយុទ្ធសាស្ត្រ។

ការសិក្សារបស់វិទ្យាស្ថាន IISS ខាងលើដែលបានចេញផ្សាយនៅថ្ងៃសុក្រទី៣១ខែឧសភា បានធ្វើតារាងលំហាត់សមយុទ្ធរបស់សហរដ្ឋអាមេរិកចំនួន១.១១៣ លើក ដែលចូលរួមជាមួយបណ្តាប្រទេសនៅអាស៊ី ធៀបនឹង សមយុទ្ធចំនួន ១៣០លើក របស់ប្រទេសចិន។
ការសិក្សានេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាការនាំមុខរបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធយោធាជាច្រើនជាមួយបណ្តាប្រទេសក្នុងតំបន់ស្ទើរតែទាំងអស់។ចិននឹងព្យាយាមបង្រួមគម្លាតដោយធ្វើឱ្យទំនាក់ទំនងសមយុទ្ធរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយដៃគូក្នុងតំបន់មួយចំនួនតូច។
កាន់តែទូលំទូលាយថែមទៀត ការដាក់ពង្រាយយោធានៅទូទាំងតំបន់បានកើនឡើងជាច្រើនឆ្នាំ មកនេះ ខណៈមានភាពតានតឹងលើកោះតៃវ៉ាន់ ដែលចិនអះអាងថាជាកម្មសិទ្ធិខ្លួន និងជម្លោះដែនទឹកនៅក្នុងផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នៃសមុទ្រចិនខាងកើត និងខាងត្បូង។
ចិន កូរ៉េខាងជើង និងរុស្ស៊ី សុទ្ធតែបានត្អូញត្អែរថា ការកើនឡើងនៃសមយុទ្ធរបស់សហរដ្ឋអាមេរិក ដោយមាន និងគ្មានសម្ព័ន្ធមិត្ត កំពុងជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបង្កឱ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ៕
