បណ្ដាម្ចាស់ជំនួយមកពីគណបក្សសាធារណរដ្ឋសំខាន់ៗបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ពួកគេមានឆន្ទៈគាំទ្រអតីតប្រធានាធិបតីអាមេរិក ដែលជាប់ទោសព្រហ្មទណ្ឌដំបូងគេរូបនេះ ឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដោយយ៉ាងហោចណាស់ម្ចាស់ជំនួយម្នាក់បានផ្តល់ប្រាក់ដល់លោក ដូណាល់ ត្រាំ (Donald Trump) ជាលើកដំបូង នេះបើយោងតាមអ្នកផ្តល់ជំនួយ និងអ្នករៃអង្គាសប្រាក់ប្រហែលរាប់សិបនាក់។

ម្ចាស់ជំនួយអភិរក្សនិយមជាច្រើនបានចាត់ទុកសំណុំរឿងប្រាក់បំបិទមាត់នៅក្រុងញូវយ៉ក (New York) នេះថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយបានជំរុញការអះអាងរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលថាគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ប៉ុន្តែរដ្ឋអាជ្ញាបានច្រានចោលការអះអាងទាំងនោះថាមិនពិត។

គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថាលោក ត្រាំ មានទោសពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់ដើម្បីបំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ សាលក្រមនេះបានជំរុញម្ចាស់ជំនួយមួយចំនួនឱ្យបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេកាន់តែខ្លាំងឡើងសម្រាប់លោក ត្រាំ។
បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ លោក ដន ថាភា (Don Tapia) អតីតឯកអគ្គរដ្ឋទូតជំនាន់រដ្ឋបាលលោក ត្រាំ ប្រចាំប្រទេសហ្សាម៉ាអ៊ីក បានប្រាប់សារព័ត៌មានរ៉យទ័រ ថា ក្រុមម្ចាស់ជំនួយមានបំណងផ្តល់ប្រាក់ជាង ១ លានដុល្លារសម្រាប់ការចំណាយដល់ក្រុមគាំទ្រលោក ត្រាំ ឈ្មោះថា ម៉ាហ្កា អាយអែនស៊ី (MAGA Inc) ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ម្ចាស់ជំនួយផ្សេងទៀតដែលត្រូវបានសម្ភាសដោយសារព័ត៌មានរ៉យទ័រ ក៏មានការរំពឹងទុកយ៉ាងទូលំទូលាយអំពីជ័យជម្នះលោក ត្រាំ ក្នុងខែវិច្ឆិកា ដោយផ្អែកលើការស្ទង់មតិសាធារណៈមួយចំនួនដែលបង្ហាញថាលោក ត្រាំ នាំមុខលោក បៃដិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន៕