បណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ (SNN) បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ(Ayatollah Ali Khamenei) ជាសម្ព័ន្ធមិត្តជិតស្និទ្ធ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉េស៊ី(Ebrahim Raisi)។

លោក Raisi បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់កាលពីថ្ងៃទី ១៩ ខែឧសភានៅជិតព្រំដែនប្រទេសអាស៊ែបៃហ្សង់។
លោក Khamenei និង លោក Assad បានជួបគ្នាចុងក្រោយកាលពីឆ្នាំ២០២២ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Assad និងលោក Khamenei បាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីស៊ីរី។ លោក Assad អាចបង្វែរជំនោរនៃសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី ដែលបានផ្ទុះឡើងពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ នៅក្នុងឆ្នាំ២០១១ ដោយមានជំនួយដ៏សំខាន់ពីកងជីវពលតំណាងរបស់ប្រទេសអ៊ីរ៉ង់ និងការអន្តរាគមន៍យោធារបស់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៥ ។
អ៊ីស្រាអែល ដែលអត្ថិភាព ពុំត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋអ៊ីស្លាម បានវាយប្រហារជាញឹកញាប់លើអ្វីដែលខ្លួនបានចាត់ទុកថាជាគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងគាំទ្រដោយទីក្រុងតេអេរ៉ង់ រួមទាំងកងជីវពលហេសបូឡា របស់ប្រទេសលីបង់ បានដាក់ពង្រាយក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ដើម្បីគាំទ្រលោក Assad ក្នុងសង្រ្គាមស៊ីរី។