ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅ ដល់អាជ្ញាធរខេត្តបាត់ដំបង ត្រូវខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈខេត្តមួយនេះ ក៏មានជាប់ព្រំដែន និងជាមុខសញ្ញាមានពលករត្រឡប់មកពីប្រទេសថៃប្រចាំថ្ងៃ ។
ក្នុងកិច្ចប្រជុំតាមរយៈវីដេអូសន្និសីទ Zoom នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុនេះ ធ្វើឡើងដើម្បីរៀបចំបន្ថែមការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ ។
សម្ដេច បានបន្ថែមថា ខេត្តបាត់ដំបង ជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យពលរដ្ឋខ្មែរក្នុងនោះពលរដ្ឋ ជាពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការខិតខំដោះស្រាយ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មានការចូលរួមពីក្រុមការងារថ្នាក់ជាតិទាំងអស់ បានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបង មានពលករ និងអ្នកកំពុងធ្វើចត្តាឡីស័កសរុបជិត ២០០០នាក់ ក្នុងមណ្ឌលទាំងចំនួន២០ទូទាំងខេត្ត និងមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទDeltaចំនួន១៣នាក់ ព្យាបាលជាសះស្បើយចំនួន៤នាក់ និងត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករពីប្រទេសថៃ ។
ឯកឧត្តម បន្ថែមថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួន៤០៩៣នាក់ ព្យាបាលជាសះស្បើយចំនួន២ ៥១៥នាក់ និងស្លាប់ចំនួន ៤៨នាក់ ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩៤នាក់ ជាសះស្បើយចំនួន ៧៩នាក់ ៕




