យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៥០ នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក រីម៉ាល់ (Remal) បានវាយប្រហារលើតំបន់នេះដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ។

អង្គការសង្គ្រោះកុមារ Save the Children បាននិយាយថាកុមារជាង ២៧០.០០០នាក់នៅក្នុងប្រទេសបង់ក្លាដែសបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ឬកំពុងរស់នៅក្នុងផ្ទះដែលរងការខូចខាត បន្ទាប់ពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់បំប៉ើងដំបូលផ្ទះ ជន់លិចភូមិស្រុក និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សជាង១៧លាននាក់។

ព្យុះស៊ីក្លូន រីម៉ាល់ បានបោកបក់ពាសពេញភាគនិរតីនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃទី ២៦ ខែឧសភា ដោយនាំមកនូវខ្យល់ក្នុងល្បឿន១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងទឹកហក់ឡើងកម្ពស់ពី ២ទៅ៣,៥ លើសពីកម្រិតធម្មតា។ មនុស្សប្រហែល ៣,៧៥ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះ រួមទាំងកុមារប្រមាណ១លាន៦សែនលាននាក់ ។
យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលរហូតមកដល់ពេលនេះ លំនៅឋានយ៉ាងហោចណាស់១៥០.០០០ ខ្នង ត្រូវបានបំផ្លាញ ឬខូចខាតនៅទូទាំង១៩ ស្រុក ដែលប៉ះពាល់ដល់មនុស្សប្រមាណ ៦៣៩.០០០នាក់ ក្នុងនោះប្រហែល ២៧៤.០០០នាក់ជាកុមារ។ គ្លីនិកសុខភាពសហគមន៍នៅតំបន់ជាច្រើនមិនដំណើរការទេ ដោយសារទឹកជំនន់៕
