ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១៨ គ្រាប់ក្នុងអំឡុងពេលសមយុទ្ធ ដែលជាការបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការបើកការវាយប្រហារជាមុនប្រឆាំងនឹង «របបជនអន្ធពាល» របស់កូរ៉េខាងត្បូង ប្រសិនបើចាំបាច់ដើម្បីប្រឆាំងនឹងការវាយប្រហារ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ូកែតទំហំ ៦០០ មីលីម៉ែត្រ «ដ៏ធំអស្ចារ្យ» កាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍នេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១០ គ្រាប់ ដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយបានហៅវាថាជាលទ្ធភាពនៃការបង្ហាញពីសមត្ថភាពអាវុធដល់អ្នកទិញ រួមទាំងរុស្ស៊ី ផងដែរ។
របាយការណ៍ KCNA បានបន្ថែមថា លោក គីម បានជំរុញឱ្យមានការត្រៀមខ្លួនដោយកម្លាំងនុយក្លេអ៊ែរដើម្បីអនុវត្តបេសកកម្មទប់ស្កាត់សង្គ្រាម ក៏ដូចជាការផ្តួចផ្តើមគំនិតក្នុងករណីមានសង្គ្រាម។

ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកនេះត្រូវបានថ្កោលទោសដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ថាជាទង្វើមិនប្រុងប្រយ័ត្ន និងរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕