ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ខ្លួននឹងផ្អាកសម្បទានពន្ធដែលផ្តល់ឱ្យកោះតៃវ៉ាន់ លើទំនិញចំនួន ១៣៤ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថាទីក្រុងតៃប៉ិ បានបរាជ័យក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មនៅលើចិនដីគោក។

កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្រ (ECFA) រវាងចិន និងកោះតៃវ៉ាន់ ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១០។ ប្រទេសចិន ក្នុងខែធ្នូ បានផ្អាកសម្បទានពន្ធសម្រាប់ផលិតផលមួយចំនួនប៉ុណ្ណោះក្រោមកិច្ចព្រមព្រៀង ECFA នេះ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា កោះនេះមិនទាន់បានដោះស្រាយលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួនឡើយ។
ក្រសួងហិរញ្ញវត្ថុបាននិយាយថា «តំបន់តៃវ៉ាន់ បានអនុម័តជាឯកតោភាគីនូវវិធានការរើសអើង ដូចជាការហាមឃាត់ និងរឹតបន្តឹងការនាំចេញផលិតផលចិនដីគោក ដែលបំពានលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង»។

ក្រសួងបានបន្ថែមថា ការផ្អាកសម្បទានពន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ហើយនឹងអនុវត្តចំពោះផលិតផលដែលនាំចូលពីកោះតៃវ៉ាន់ រួមទាំងផលិតផលចម្រាញ់ប្រេងផងដែរ៕