ប្រណាំងម៉ូតូ៖ កីឡាករអេស្ប៉ាញ Jorge Martin ស្គាល់ជ័យជំនះក្នុងអាជីពប្រណាំងម៉ូតូ GP លើកដំបូងក្រោយយកឈ្នះការប្រកួតនៅប្រទេសអូទ្រីស Styrian Grand Prix ទោះដួលពេលចេញដំណើរក្តី។

ការប្រកួតនៅជុំទី៣ មានការប៉ះទង្គិចដែលបណ្តាលឱ្យម៉ូតូ ២គ្រឿងរបស់ Lorenzo Savadori និង Dani Pedrosa ឆេះហើយការប្រកួតក៏ត្រូវបានផ្អាក។ ចាប់ផ្តើមឡើងវិញក្រោយការរៀបចំទីលានជាង ១ម៉ោងកីឡាករវ័យ ២៣ឆ្នាំ Jorge Martin បានប្រជែងឈ្នះជើងឯកពិភពលោកមិត្តរួមជាតិអេស្ប៉ាញ Joan Mir ខណៈអ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក Fabio Quartararo បានមកដល់ទីព្រ័ត្រចំណាត់ថ្នាក់លេខ៣។
កីឡាករបារាំង Fabio Quartararo របស់ក្រុម Yamaha នៅតែបន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកមាន ១៧២ពិន្ទុ តាមពីក្រោយដោយកីឡាករបារាំងមួយរូបទៀត Johann Zarco របស់ក្រុម Ducati មាន ១៣២ពិន្ទុ និងលេខ៣ កីឡាករអេស្ប៉ាញ Joan Mir របស់ក្រុម Suzuki មាន ១២១ពិន្ទុ។ ទីលានបន្ទាប់ MotoGP នឹងត្រូវប្រកួតនៅប្រទេសអូទ្រីសចុងសប្តាហ៍នេះទៀតនៅទីលាន Red Bull Ring៕
អត្ថបទ៖នាង សុភាវុធ