អាជ្ញាធរបាននិយាយថា រថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រាមួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រលងជ្រោះជ្រៅមួយកន្លែង ក្នុងដែនដីសហព័ន្ធ Jammu ភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ២២ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យនគរបាល បាននិយាយថា រថយន្តក្រុងដែលបានចាប់ផ្តើមធ្វើដំណើរក្នុងទីក្រុង គូរូស្សេត្រា(Kurukshetra) ក្នុងរដ្ឋ Haryana ភាគខាងជើង បានធ្វើដំណើរទៅកាន់ព្រះវិហារហិណ្ឌូមួយកន្លែងក្នុងទីក្រុង Jammu នៅពេលនោះ រថយន្តបានធ្លាក់ចូលទៅក្នុងជ្រលងជ្រោះជ្រៅ។
មនុស្សយ៉ាងហោចណាស់៦០នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មហាវិទ្យាល័យវេជ្ជសាស្ត្ររបស់រដ្ឋាភិបាល ក្នុងទីក្រុង Jammu ដើម្បីព្យាបាល។
មន្ត្រីនគរបាលម្នាក់ និយាយថា ប្រតិបត្តិការជួយសង្គ្រោះ នៅបន្ត។ រថយន្តក្រុងដែលបានជួបឧបទ្ទវហេតុនេះ បានផ្ទុកមនុស្សច្រើនលើសទម្ងន់ ដែលមានអ្នកដំណើររហូតដល់៨០នាក់ ជិះនៅលើរថយន្តក្រុងនេះ។
