អតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ខ្លាំងៗចំពោះការជម្រះក្តី របស់លោកលើបទព្រហ្មទណ្ឌរដ្ឋចំនួន៣៤ករណី នៅក្នុងករណី«ផ្តល់លុយបំបិទមាត់» នៅទីក្រុងញូវយ៉ក ដោយហៅសាលក្រមនេះថាជា«ការអាម៉ាស់»ហើយបានប្តេជ្ញាថានឹង «តស៊ូរហូតដល់ទីបញ្ចប់»។
អតីតប្រធានាធិបតីរូបនេះ បានរិះគន់ខ្លាំងៗ ចំពោះករណីនាំមកចោទប្រកាន់លើលោក ដោយលោក អាល់វីន ប្រាក(Alvin Bragg) មេធាវីប្រចាំតំបន់ Manhattan ដោយអះអាងថា ការកាត់ទោសនេះ មានហេតុផលនយោបាយ និងរៀបចំឡើងដើម្បីបំផ្លាញបេក្ខភាពរបស់លោកសម្រាប់ដណ្តើមយកសេតវិមាន។ លោក Trump បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកគឺជា «មនុស្សស្លូតត្រង់បំផុត»។

លោកនិយាយថា «លោកនឹងតស៊ូរហូតដល់ទីបំផុត» ជាការបង្ហាញថាលោកនឹងបន្តការប្តឹងឧទ្ធរណ៍។ គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉កចំនួន១២រូប បានឈានដល់សាលក្រមរបស់ខ្លួន បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ ក្រោយការជម្រះក្តីដែលមានរយៈពេល៦សប្តាហ៍ ដោយបានរកឃើញថាលោកTrump បានបំពានច្បាប់ដោយការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ទៅឲ្យតារាភាពយន្តអាសអាភាស នាង ស្តមី ដេនញែល(Stormy Daniels) នៅក្នុងពេលដំណើរការនៃការបោះឆ្នោតកាលពីឆ្នាំ ២០១៦។ សេចក្តីសម្រេចនេះ គឺជាប្រវត្តិសាស្ត្រមួយដែលធ្វើឱ្យ លោក Trump ក្លាយជាអតីតប្រធានាធិបតីដំបូងគេ ដែលត្រូវបានជម្រះក្តីពីបទព្រហ្មទណ្ឌ។
លោកTrump នឹងត្រូវកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសន្និបាតរបស់គណបក្សសាធារណរដ្ឋ ដែលលោក ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងជាផ្លូវការពីគណបក្សសម្រាប់តំណែងប្រធានាធិបតី។ លោក Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ ។
អតីតប្រធានាធិបតីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា សាលក្រមពិតប្រាកដ នឹងមាននៅថ្ងៃទី ៥ ខែវិច្ឆិកា ធ្វើឡើងដោយប្រជាជន ហើយពួកគេដឹងពីអ្វីដែលបានកើតឡើងនៅទីនេះ។