មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយុទ្ធនាការចាក់វ៉ាក់សាំងថ្មី ការពារជំងឺកញ្រ្ជិល និងស្អូច សម្រាប់កុមារទាំងស្រី ទាំងប្រុសអាយុពី៦ខែ រហូតដល់១៥ឆ្នាំ រួមនឹងការចាក់វ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។
បើតាមលោក សឿង កុសល ចៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះថា ថ្ងៃនេះពិតជាមានសេចកី្តរីករាយណាស់ ដែលបានចូលរួមសហការជាមួយមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ដែលបានចុះមកដល់ផ្តល់វ៉ាក់សាំងថ្មីការពារជំងឺកញ្រ្ជិល និងស្អូច និងវ៉ាក់សាំងការពារជំងឺ១១មុខ រួមនិងវីតាមីនA ថ្នាំបញ្ចុះព្រូន និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោក គិត សេដ្ឋា អនុប្រធានការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តចតុមុខ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងថ្មី ការពារជំងឺកញ្រ្ជិល និងស្អូច សម្រាប់កុមារទាំងស្រី ទាំងប្រុសអាយុពី៦ខែ រហូតដល់១៥ឆ្នាំ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា នៅទូទាំងរាជធានីភ្នំពេញ។ ជាក់ស្តែងព្រឹកនេះ ក្រុមការងារគ្រូពេទ្យ ចុះផ្តល់វ៉ាក់សាំង ក្នុងសង្កាត់ចំនួន៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ គឺសង្កាត់ផ្សារថ្មី៣ សង្កាត់ចតុមុខ និងសង្កាត់ជ័យជំនៈ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការផ្តល់វ៉ាក់សាំងថ្មីនេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅតាមភូមិគោលដៅ ដែលជាភូមិមានហានិភ័យខ្ពស់ នៃការយកកុមារ ទៅចាក់វ៉ាក់សាំងបង្ការជំងឺមិនគ្រប់គ្រាន់ (ក្នុងករណីមាតា បិតា អាណាព្យាបាលជាប់រវល់ ដោយយកកូនៗទៅចាក់វ៉ាក់សាំងមិនគ្រប់) ក្នុងនោះមានភូមិចំនួន២៥៤ភូមិ ក្នុងចំណោមជាង៩០០ភូមិទូទាំងរាជធានីភ្នំពេញ៕ អត្ថបទ រដ្ឋា