សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានព្យាយាមរំលាយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទម្លាក់នាយករដ្ឋមន្រ្តី ពីតំណែង។

គណបក្សរួបរួមជាតិរបស់លោក Benny Gantz បានដាក់សេចក្តីព្រាងច្បាប់មួយ ដើម្បីរំលាយសភា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងពី«គ្រោះមហន្តរាយ»នៃថ្ងៃទី៧ ខែតុលា។ លោកបានបន្ថែមថា តម្រូវការ «ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាជន និងដើម្បីបង្កើតរដ្ឋាភិបាលឯកភាពដ៏ធំទូលាយមួយ ដែលអាចដឹកនាំដោយសុវត្ថិភាព នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមធំៗ នៅក្នុងសន្តិសុខ សេដ្ឋកិច្ច និងក្នុងសង្គមអ៊ីស្រាអែល» បន្ទាប់ពីការលុកលុយរបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សចំនួន១.២០០នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ជូនដោយគណបក្សប្រឆាំងផ្សេងទៀតរបស់អ៊ីស្រាអែល ដែលមានន័យថា វាអាចនាំឲ្យមានការបោះឆ្នោតភ្លាមៗ។
ពាក្យស្នើសុំនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Gantz បាននិយាយថា លោកនឹងមិនគាំទ្រការបន្តសង្រ្គាមរបស់លោក ណេតាន់យ៉ាហ៊ូនៅ ក្នុងតំបន់ហ្កាហ្សា ដោយគ្មានផែនការក្រោយសង្គ្រាមនោះទេ។ មានការតវ៉ាទ្រង់ទ្រាយធំប្រចាំសប្តាហ៍ នៅទូទាំងប្រទេសអ៊ីស្រាអែល ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសនេះ គឺលោក ណេតាន់យ៉ាហ៊ូ លាលែងពីតំណែង។
