ជាថ្មីម្តងទៀត វិមានក្រឹមឡាំង បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនប្រឆាំងនឹងការអនុញ្ញាតឲ្យទីក្រុងគីវ វាយប្រហារលើទឹកដីរុស្ស៊ីដោយប្រើអាវុធលោកខាងលិច ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាថា នឹងមាន «ផលវិបាកជាច្រើន» ប្រសិនបើការវាយប្រហារបែបនេះ កើតឡើង។

អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ទីបំផុត វានឹងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ផលប្រយោជន៍នៃប្រទេសទាំងនោះ ដោយជ្រើសរើសផ្លូវដែលបង្កឲ្យមានភាពតានតឹងកើនឡើងកាន់តែខ្លាំងនោះ។
បញ្ហានៃការអនុញ្ញាតឲ្យទីក្រុងគីវប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី បានលេចចេញកាន់តែធំឡើង ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងក្លា នៅតាមផ្នែកខ្លះនៃព្រំដែនអ៊ុយក្រែន-រុស្ស៊ី។ ចំណែកទីក្រុងគីវ កំពុងតស៊ូជាពិសេស ដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី នៅតំបន់ខាគីវភាគឦសាន។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ៣២ នៃសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ កំពុងជួបប្រជុំគ្នានៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆេក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហានេះ ក្នុងចំណោមប្រទេសដទៃទៀត។
រហូតមកដល់ពេលនេះ សព្វាវុធរបស់លោកខាងលិច ត្រូវបានគេផ្តោតជាចម្បងទៅលើទីតាំងឈរជើងរបស់រុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ។
នៅទីក្រុងវីយែន អ្នកការទូតរុស្ស៊ីលោក Konstantin Gavrilov បានព្រមានលោកខាងលិចប្រឆាំងនឹងការឆ្លងកាត់ «បន្ទាត់ក្រហម» ដោយនិយាយថា ទីក្រុងមូស្គូ មានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន បើទោះបីជាក្នុងករណីនៃការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។
