រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) បានប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បានចាប់ផ្តើមចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតមុនកំណត់នៅខែក្រោយ បន្ទាប់ពីការស្លាប់របស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ។

ដោយធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាអ្នកសម្រេចការចុងក្រោយរបស់អ៊ីរ៉ង់ ការស្លាប់ភ្លាមៗរបស់លោក រ៉ាស៊ី បានបង្កឱ្យមានការកួតប្រជែងក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹង ដើម្បីមានឥទ្ធិពលលើការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។

បន្ទាប់ពីរយៈពេលចុះឈ្មោះប្រាំថ្ងៃ ក្រុមប្រឹក្សាអាណាព្យាបាល ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់នឹងត្រួតពិនិត្យបេក្ខជនឈរឈ្មោះជាប្រធានាធិបតី។ អ្នកនយោបាយប្រឆាំងជាច្រើនបានចោទប្រកាន់ក្រុមប្រឹក្សាអាណាព្យាបាល ដែលមានសមាជិក ១២ រូបនេះថា បានដកសិទ្ធិគូប្រជែងរបស់ក្រុមអ្នកប្រកាន់ជំហរតឹង ដែលត្រូវបានគេរំពឹងថានឹងគ្រប់គ្រងការប្រជែងតំណែងប្រធានាធិបតីនាពេលខាងមុខនេះ។

អ្នកផ្ទៃក្នុងបាននិយាយថា ការចុះឈ្មោះបេក្ខជននោះអាចរួមបញ្ចូល លោក ផាវីស ហ្វាតតាស (Parviz Fattah) អតីតសមាជិកកងអង្គរក្ស និងលោក សៃអ៊ីត ចាលីលី (Saeed Jalili) អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ។ ប្រធានាធិបតីបណ្តោះអាសន្ន លោក ម៉ូហាម៉េដ ម៉ូកប៊ឺ (Mohammad Mokhber) និងអតីតប្រធានសភា និងជាទីប្រឹក្សាលោក ខាមីណេ គឺលោក អាលី ឡារីចានី (Ali Larijani) ក៏ត្រូវគេបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ថាអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរ៕