បន្ទាប់ពីគណៈវិនិច្ឆ័យនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រក្នុងការផ្តន្ទាទោសដល់អតីតប្រធានាធិបតីរូបនេះ ក្រុមចៅក្រមដែលត្រួតពិនិត្យករណីនេះនឹងត្រូវប្រឈមមុខនឹងជម្រើសដ៏ធំធេងមួយក្នុងពេលឆាប់ៗនេះ គឺថាតើត្រូវកាត់ទោសបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ រូបនេះឱ្យជាប់ពន្ធនាគារដែរឬទេ។

ក្រោយពីគណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបកាលពីថ្ងៃព្រហស្បតិ៍ បានចេញសាលក្រមរបស់ខ្លួនដែលបានរកឃើញថាលោក ត្រាំ មានទោសលើការចោទប្រកាន់ចំនួន ៣៤ ករណីនៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មដែលលោកបានប្រឈម ចៅក្រម វ័ន មើឆាន (Juan Merchan) បានកំណត់ការកាត់ទោសនៅថ្ងៃទី១១ ខែកក្កដា។

ការជាប់ពន្ធនាគារគឺកម្រណាស់សម្រាប់អ្នកដែលត្រូវបានកាត់ទោសក្នុងរដ្ឋញូវយ៉ក (New York) ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដោយនោះជាការចោទប្រកាន់ដែលអ្នកជំនួញប្រែក្លាយជាអ្នកនយោបាយ លោក ត្រាំ ត្រូវប្រឈមមុខក្នុងការកាត់ទោសប្រាំមួយសប្តាហ៍របស់ខ្លួន។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់បាននិយាយថា លទ្ធភាពនៃការកាត់ទោសគឺស្ថិតលើការសម្រេចរបស់ចៅក្រម មើឆាន ឱ្យសមស្របនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកពីមុន ឬបច្ចុប្បន្ន។

ទោសអតិបរមាសម្រាប់ការក្លែងបន្លំឯកសារអាជីវកម្មគឺជាប់ពន្ធនាគារ ៤ ឆ្នាំ ហើយអ្នកជំនាញផ្នែកច្បាប់ចំនួនប្រាំមួយរូប រួមទាំងមេធាវីការពារក្តី និងអតីតរដ្ឋអាជ្ញា បានប្រាប់សារព័ត៌មានរ៉យទ័រថា ការកាត់ទោសបែបនេះអាចទៅរួច ប៉ុន្តែបានព្រមានថាវាលឿនពេកក្នុងការទស្សន៍ទាយថាតើការដាក់ទោសទណ្ឌបែបណាដែលលោក ត្រាំ អាចនឹងប្រឈម៕