ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានសម្រេចបង្កើតនូវមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្ដាប្រទេសជាមិត្តចំនួន ១១ ដែលមានប្រទេសស្ថិតក្នុងសមាជិកអាស៊ាន ក្នុងតំបន់អាស៊ី និងអឺរ៉ុប ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈមួយចំនួន ក្នុងនោះ ទី១. ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត, ទី២. ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអង្គការអន្តរសភា, ទី៣. ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំ នៃអង្គការអន្តរសភា និងទី៤. ផ្សេងៗ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ទី១. បង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី ព្រុចសែល ប៊ែលហ្ស៊ិក ។
ទី២. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA) និងបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN) ។
ទី៣. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាសម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia - Laos - Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP) និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) ៕អត្ថបទ បាន សុខរិទ្ធិ






