
ការកើនឡើងនៃគំនរសំរាមនៅតំបន់ហ្កាហ្សា មានន័យថា ក្រុមគ្រួសារ កំពុងភៀសខ្លួនទៅកាន់តំបន់ដែលមិនមាន«លក្ខខណ្ឌរស់នៅដែលអាចទទួលយកបាន» នេះបើយោងតាមអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើម បូព៌ា (UNRWA) បានបង្ហោះនៅលើគណនី X របស់ខ្លួន រួមជាមួយនឹងរូបភាពនៃសំរាម នៅក្នុងទីក្រុង Deir al-Balah ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេថា៖«គ្រប់ទីកន្លែងដែលអ្នកមើលទៅ មានគំនរសំរាម»។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយ ថា ជនភៀសខ្លួនប្រហែល មួយលាននាក់មកពីទីក្រុងរ៉ាហ្វា កំពុងរស់នៅក្នុងស្ថានភាពអនាម័យមិនល្អ។
សង្គ្រាមដែលបានបន្តអស់រយៈពេលជិត ៨ខែ បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រមាណ ២,២ លាននាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប កាន់តែអាក្រក់ឡើងៗ។
យោងតាមអង្គការជំនួយនានា មនុស្សប្រហែល ១,៧លាននាក់ ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
កាលពីមុនសង្គ្រាម មានតែកន្លែងចោលសំរាមពីរប៉ុណ្ណោះ នៅតំបន់ហ្កាហ្សា ដើម្បីដោះស្រាយកាកសំណល់ប្រហែល ១.៧០០តោន ក្នុងមួយថ្ងៃ។
អង្គការសហប្រជាជាតិ បានព្រមានពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរនៃវិបត្តិកាកសំណល់ទៅលើប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប។ លើសពីនេះទៀតនោះ ក៏មានការគំរាមកំហែងនៃការចម្លងរោគ ដែលបណ្តាលមកពីដីកសិកម្ម និងទឹកក្រោមដីផងដែរ។ ការកើនឡើងសីតុណ្ហភាពក្នុងតំបន់ អាចធ្វើឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង។