
អ្នកគ្រប់គ្រងយុទ្ធនាការរបស់ក្រុមបំបែកខ្លួនសាសនា Sikh បានប្រាប់ឲ្យដឹងថា មេដឹកនាំរបស់ក្រុមនេះ ដែលកំពុងជាប់ឃុំឃាំង កំពុងជំទាស់តវ៉ាការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌាពីពន្ធនាគារ និងទទួលបានការគាំទ្រយ៉ាងល្អប្រសើរ ជាអ្វីដែលអាចក្លាយជាការព្រួយបារម្ភ សម្រាប់ទីក្រុង New Delhi ដែលបានព្យាយាមបំបាត់មិនឲ្យមានការរស់ឡើងវិញនូវភាពសកម្មប្រយុទ្ធរបស់ក្រុមសាសនា Sikh។
លោក Amritpal Singh អាយុ ៣១ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ដែលមានសុវត្ថិភាពខ្ពស់ ក្នុងរដ្ឋ Assam ចម្ងាយជិត ៣.០០០គីឡូម៉ែត្រ ពីមណ្ឌលបោះឆ្នោត Khadoor Sahib របស់លោក ក្នុងរដ្ឋ Punjab ជាកន្លែងដែលបណ្ដាភូមិ និងទីក្រុងនានា មានទៅដោយផ្ទាំងរូបភាពដែលពណ៌នាពីរូបលោកជាមួយនឹងដាវ និងអាវក្រោះការពារគ្រាប់កាំភ្លើង។
គួរបញ្ជាក់ថា លោក Singh ត្រូវបានចាប់ខ្លួន កាលពីឆ្នាំមុន ហើយត្រូវបានដាក់ពន្ធនាគារ ក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីរូបលោក និងអ្នកគាំទ្ររាប់រយនាក់ បានសម្រុកចូលប៉ុស្តិ៍នគរបាលមួយ ដោយមានកាន់ដាវ និងអាវុធ ដើម្បីទាមទារឲ្យដោះលែងជំនួយការម្នាក់របស់លោក។
ជ័យជម្នះសម្រាប់រូបលោក នៅក្នុងការបោះឆ្នោតសភា អាចផ្តល់ឲ្យលោក Singh នូវភាពស្របច្បាប់មួយចំនួន និងបង្កឲ្យមានក្ដីបារម្ភអំពីការរស់ឡើងវិញនៃក្រុមសកម្មប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។
ដោយសំដៅលើការបោះឆ្នោតនៅក្នុងមណ្ឌល នាថ្ងៃសៅរ៍ (ទី១ ខែមិថុនា) លោក Tarsem វ័យ ៦១ឆ្នាំ ដែលជាឪពុករបស់លោក Singh បាននិយាយថា៖ «ប្រជាជននឹងធ្វើការសម្រេចចិត្តរបស់ពួកគេ នៅថ្ងៃទី១ ខែមិថុនា។ ពួកគេនឹងផ្ញើសារដ៏សំខាន់មួយទៅកាន់អ្នកដែលបានធ្វើឲ្យខូចមុខមាត់របស់គាត់ (លោក Singh) ទៅកាន់អ្នកដែលកំពុងបង្ខូចសហគមន៍របស់យើង និងរដ្ឋ Punjab របស់យើង»។
សូមបញ្ជាក់បន្ថែមថា ក្រុមអ្នកកាន់សាសនា Sikh គឺជាសហគមន៍ភាគច្រើននៅក្នុងរដ្ឋ Punjab ប៉ុន្តែពួកគេមានត្រឹមតែ ២ភាគរយប៉ុណ្ណោះនៃប្រជាជនឥណ្ឌា ១,៤ពាន់លាននាក់។ ពួកសកម្មប្រយុទ្ធរបស់សាសនា Sikh បានចាប់ផ្តើមយុទ្ធនាការទាមទារ ដើម្បីទទួលបានមាតុភូមិឯករាជ្យមួយ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែការបះបោរត្រូវបានបង្ក្រាបយ៉ាងទូលំទូលាយ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ជាមួយនឹងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ៕