
ក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) បាននិយាយថា ខ្លួនបានរកឃើញក្រុមពីប្រទេសរុស្ស៊ី ចិន អ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីព្យាយាមមានឥទ្ធិពលលើពាក្យពេចន៍នយោបាយ ជុំវិញពិភពលោក ដោយបង្ហាញពីក្ដីបារម្ភ ដែលថា បញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើឲ្យកាន់តែតែមានភាពងាយស្រួល សម្រាប់តួអង្គរដ្ឋ ក្នុងការដំណើរការយុទ្ធនាការឃោសនាសម្ងាត់ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ខិតជិតមកដល់។
ក្រុមហ៊ុន OpenAI បានលុបចោលគណនីដែលទាក់ទងនឹងប្រតិបត្តិការឃោសនាល្បីៗ នៅក្នុងប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ ហើយនិងក្រុមហ៊ុនយុទ្ធនាការនយោបាយអ៊ីស្រាអែល និងក្រុមមិនស្គាល់កាលពីមុនដែលមានប្រភពដើមនៅប្រទេសរុស្ស៊ី ដែលអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបានដាក់ឈ្មោះថា «Bad Grammar»។ ក្រុមទាំងនោះបានប្រើប្រាស់បច្ចេកវិទ្យារបស់ OpenAI ដើម្បីសរសេរការបង្ហោះ បកប្រែការសរសេរនោះទៅជាភាសាផ្សេងៗ និងបង្កើតកម្មវិធីដែលជួយពួកគេបង្ហោះដោយស្វ័យប្រវត្តិនៅតាមបណ្តាញសង្គម។
គ្មានក្រុមណាមួយក្នុងចំណោមក្រុមទាំងនេះ បានជោគជ័យ ក្នុងការទទួលបានការពេញនិយមច្រើននោះទេ ហើយលោក Ben Nimmo អ្នកស៊ើបអង្កេតដ៏សំខាន់ទទួលបន្ទុកក្រុមស៊ើបការណ៍សម្ងាត់ និងស៊ើបអង្កេតរបស់ OpenAI បាននិយាយថា គណនីបណ្ដាញសង្គមដែលពាក់ព័ន្ធជាមួយក្រុមទាំងនោះ មានអ្នកប្រើប្រាស់ និងអ្នកតាមដានតិចតួចប៉ុណ្ណោះ។ តែយ៉ាងណាក្ដី របាយការណ៍របស់ក្រុមហ៊ុន OpenAI នេះ បង្ហាញថា អ្នកឃោសនាដែលមានភាពសកម្មអស់រយៈពេលជាច្រើនឆ្នាំ នៅលើបណ្ដាញសង្គម កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនយុទ្ធនាការរបស់ពួកគេ។
ក្រុមហ៊ុន OpenAI, Google និងបណ្ដាក្រុមហ៊ុន AI ផ្សេងទៀត បាន និងកំពុងធ្វើការលើបច្ចេកវិទ្យា ដើម្បីកំណត់អត្តសញ្ញាណការក្លែងបន្លំរូបភាព ដែលត្រូវបានធ្វើឡើងជាមួយនឹងឧបករណ៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននីមួយៗ ប៉ុន្តែបច្ចេកវិទ្យាបែបនេះ នៅតែមិនទាន់បង្ហាញភាពល្អប្រសើរនៅឡើយទេ។ ហើយអ្នកជំនាញ AI មួយចំនួនគិតថា ឧបករណ៍តាមដានរូបភាពក្លែងក្លាយ នឹងមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ៕