
សេតវិមានកំពុងបញ្ចប់ផែនការសម្រាប់ការបង្ក្រាបតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលនឹងបិទការស្នើសុំសិទ្ធិជ្រកកោន និងបដិសេធការចូលដោយស្វ័យប្រវត្តិ ចំពោះជនអន្តោប្រវេសន៍ នៅពេលដែលចំនួនមនុស្សដែលមន្ត្រីព្រំដែនអាមេរិកបានជួបប្រទះលើសពីកម្រិតប្រចាំថ្ងៃថ្មី ដោយប្រធានាធិបតីលោក Joe Biden រំពឹងថា នឹងចុះហត្ថលេខាលើក្រឹត្យ យ៉ាងឆាប់នៅព្រឹកថ្ងៃអង្គារសប្ដាហ៍ក្រោយ។ នេះបើយោងតាមបុគ្គល ៤រូបដែលដឹងពីបញ្ហានេះ។
លោកប្រធានាធិបតីបាន និងកំពុងថ្លឹងថ្លែងពីវិធានប្រតិបត្តិបន្ថែម ចាប់តាំងពីការបរាជ័យនៃសេចក្ដីស្នើច្បាប់ព្រំដែនរបស់គណបក្សទាំង២ កាលពីដើមឆ្នាំនេះ។ ចំនួននៃការឆ្លងដែនខុសច្បាប់ នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះអស់ជាច្រើនខែមកហើយ មួយផ្នែកដោយសារតែការពង្រឹងកិច្ចប្រឹងប្រែងរបស់ម៉ិកស៊ិក។
តែយ៉ាងណាក្ដី អន្តោប្រវេសន៍នៅតែជាក្តីបារម្ភចម្បងដដែល ក្នុងរយៈពេលឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ហើយគណបក្សសាធារណរដ្ឋ ចង់វាយប្រហារលោក Biden ជុំវិញបញ្ហានេះ។
បុគ្គល ២រូប បានឲ្យដឹងថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលគណបក្សប្រជាធិបតេយ្យ នឹងមានគោលបំណងទប់ស្កាត់ការកើនឡើងការឆ្លងកាត់ព្រំដែនដែលអាចកើតមាន នៅចុងឆ្នាំនេះ ខណៈការបោះឆ្នោត ខិតកាន់តែកៀក។ អ្នកទាំងនោះមិនត្រូវបានអនុញ្ញាតនិយាយជាសាធារណៈអំពីការពិភាក្សាដែលកំពុងបន្តមាននោះឡើយ ហើយពួកគេបាននិយាយទៅកាន់សារព័ត៌មាន AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕