
យោធាអ៊ុយក្រែន បាននិយាយកាលពីព្រហស្បតិ៍ថា ខ្លួនបានបំផ្លាញសាឡាងពីរគ្រឿង នៅតំបន់គ្រីម៉េ (Crimea)ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេរវាងឧបទ្វីបនេះ និង ដីគោករុស្ស៊ី។
មន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ លោក Nikolai Lukashenko មុននេះ បានទទួលស្គាល់ពីការវាយប្រហារ នៅកំពង់ផែKerch ដោយនិយាយថា កម្ទេចកម្ទីមីស៊ីលអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់ បានធ្វើឲ្យខូចខាតដល់សាឡាងទាំងនោះ ហើយប្រតិបត្តិការនៅលើខ្សែសាឡាង ត្រូវបាន ផ្អាក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram អគ្គសេនាធិការរបស់អ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះ ធ្វើឡើងដោយប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (ATACMS) ដែលផ្គត់ផ្គង់ដោយលោកខាងលិច។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«ជាលទ្ធផលនៃការវាយប្រហារនោះ សាឡាងពីរគ្រឿងដែលដឹកដែកផ្លូវរថភ្លើង និងយានជំនិះ បានរងការខូចខាតយ៉ាងដំណំ។ សាឡាងមួយគ្រឿងក្នុងចំណោមទាំងពីរនោះ បានជាប់គៀង ដោយធ្វើឲ្យគាំងប្រតិបត្តិការនៃការឆ្លងសាឡាង នៅកំពង់ផែKerchទាំងស្រុង។
សេចក្តីថ្លែងការណ៍ បានបន្តទៀតថា ជាលទ្ធផលគ្រឿងយុទ្ធោបករណ៍របស់អ្នកកាន់កាប់នៅលើឧបទ្វីបនេះ ត្រូវបានរំខានឥតឈប់ឈរ»។
យោធាអ៊ុយក្រែន បានធ្វើការវាយប្រហារជាច្រើនខែ ទៅលើតំបន់គ្រីម៉េ និងជាពិសេសលើនាវារបស់កងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីដែលមានទីស្នាក់ការកណ្តាល នៅកំពង់ផែSevastopol នៅតំបន់គ្រីម៉េនេះ។