ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីនបានកត់ត្រាកាលពីថ្ងៃអាទិត្យ ទី៨ ខែសីហាថា មានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ៩.៦៧១នាក់ និងមានអ្នកស្លាប់ចំនួន ២៨៧នាក់បន្ថែមទៀតដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែ ១ថ្ងៃនៃចំនួនអ្នកស្លាប់របស់ប្រទេសចាប់តាំងពីថ្ងៃទី៩ ខែមេសា។

នៅក្នុងសេចក្ដីប្រកាសមួយក្រសួងបាននិយាយថា ការឆ្លងសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងដល់ ១.៦៦លាននាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៩.១២២នាក់។ ក្រុមមន្ត្រីបានដាក់ទីក្រុងម៉ានីលឱ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់រហូតដល់ថ្ងៃទី២០ ខែសីហា ខណៈករណីឆ្លងថ្មីនៃវីរុស COVID-19 ហក់ឡើងខ្ពស់ ដែលក្រុមមន្ត្រីសុខាភិបាលនិយាយថា អាចបណ្តាលមកពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពឆ្លងខ្លាំង។ ប្រជាជនហ្វីលីពីនជាង ១០,២លាននាក់ត្រូវបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយ ១២,២លាននាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណាមួយដូស៕
អត្ថបទ៖ សុខមាន