
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សបីនាក់ នៅក្នុងទីក្រុងខាគីវរបស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យទីក្រុងគីវ ប្រើប្រាស់អាវុធអាមេរិកដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដើម្បីការពារតំបន់នេះ។
ដោយរុស្ស៊ី បានយកគំនិតផ្តួចផ្តើមសមរភូមិឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការអំពាវនាវពីរដង ដើម្បីអនុញ្ញាតឲ្យខ្លួនប្រើអាវុធចម្ងាយឆ្ងាយរបស់អាមេរិកវាយប្រហារទៅលើទឹកដីរុស្ស៊ី ជាអ្វីដែលក្រុងវ៉ាស៊ីនតោន បានភ័យខ្លាចថា វាអាចអូសទាញអង្គការណាតូ ចូលទៅក្នុងជម្លោះជាមួយទីក្រុងមូស្គូ ដោយផ្ទាល់។
ប៉ុន្តែការសម្រេច បានផ្លាស់ប្តូរ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបើកការវាយលុកថ្មី នៅក្នុងតំបន់ខាគីវ ក្នុងខែនេះ។
នគរបាលក្នុងតំបន់ បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ការវាយប្រហារនៅពេលយប់របស់រុស្សី ទៅលើតំបន់លំនៅឋានមួយ ក្នុងទីក្រុងខាគីវ បានសម្លាប់មនុស្ស ៣នាក់ និងយ៉ាងតិច ២៣នាក់រងរបួស រួមទាំងកុមារពីរនាក់ផងដែរ ដោយព្រមានថា អ្នកស្រុក នៅតែអាចជាប់នៅក្រោមគំនរបាក់បែក។
នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សត្រូវ បានវាយប្រហារទៅលើអគារលំនៅឋានច្រើនជាន់... ជាន់ទី៤ និងទី ៥នៃផ្នែកមួយនៃអគារនេះ ត្រូវបានបំផ្លាញទាំងស្រុង» ដោយបានបន្ថែមថា គ្រាប់កាំភ្លើងមួយគ្រាប់ទៀត បានសម្លាប់ឆ្មាំម្នាក់ នៅរោងចក្រផលិតមួយន្លែង។