
ប្រទេសស្រីលង្កា និងរុស្ស៊ី បានចាប់ផ្តើមកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយបញ្ហារបស់ស្រីលង្កាដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១៦នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងពេលប្រតិបត្តិការ។
អនុរដ្ឋមន្ត្រីការបរទេស លោក Tharaka Balasuriya បាននិយាយថា ប្រជាជនស្រីលង្កា ដែលភាគច្រើនជាទាហានចូលនិវត្តន៍ ត្រូវបានគេបោកប្រាស់ឲ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាមួយនឹងការសន្យាផ្តល់ ប្រាក់ខែល្អ និងសិទ្ធិសំខាន់ៗ រួមទាំងសញ្ជាតិរុស្ស៊ីផងដែរ។
លោក Balasuriya បានប្រាប់អ្នកយកព័ត៌មានថា៖«ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី គឺពិតជាអកុសលណាស់» ដោយបន្ថែមថា ខ្លួនកំពុងធ្វើការជាមួយក្រសួងការពារជាតិ ដើម្បីបញ្ជាក់ចំនួនមនុស្ស ដែលកំពុងប្រយុទ្ធ នៅក្នុងប្រទេសរុស្ស៊ី។
«យើងបានទទួលពាក្យបណ្តឹងចំនួន ៤៥៥ ។ យើងជឿថា ចំនួននេះ អាចមានច្រើនជាងនេះ»។
លោក Balasuriya បានអះអាងថា៖«ពួកគេត្រូវបានបោកបញ្ឆោតដោយក្រុមភ្នាក់ងារមិនល្អ ដោយមួយចំនួននៃមនុស្សទាំងនេះ ត្រូវបានចាប់ខ្លួន។ អ្នកដែលបានចាកចេញទៅប្រទេសរុស្ស៊ី ត្រូវបានសន្យាថា នឹងផ្តល់ប្រាក់ខែ និងសិទ្ធិមួយចំនួនរួមទាំងសញ្ជាតិផងដែរ»។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ភ្នាក់ងារដែលបានជ្រើសរើសជនជាតិស្រីលង្កា បានប្រាប់ពួកគេថា ពួកគេនឹងមិនត្រូវបានប្រើប្រាស់សម្រាប់ការប្រយុទ្ធគ្នានោះទេ ប៉ុន្តែឥឡូវនេះមានការត្អូញត្អែរប្រចាំថ្ងៃដែលថា ពួកគេ កំពុងត្រូវបានបញ្ជូនទៅធ្វើសង្រ្គាមជួរមុខ នៅអ៊ុយក្រែន។