បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United ជាថ្មីម្តងទៀតបានបញ្ចេញខ្សែការពារ Axel Tuanzebe ទៅឱ្យ Aston Villa ខ្ចីជាលើកទី៣។ កីឡាករវ័យ ២៣ឆ្នាំរូបនេះនឹងត្រូវលេងឱ្យ Aston Villa ពេញមួយរដូវកាលថ្មីខាងមុខក្នុងលក្ខខណ្ឌខ្ចីជាលើកទី៣ បន្ទាប់ពីបង្ហាញខ្លួន ៣៥លើកក្នុងលក្ខខណ្ឌខ្ចីពីរលើកមុននៅឆ្នាំ២០១៨ និង ២០១៩។

Tuanzebe គឺជាសមាជិករបស់ Aston Villa ដែលយកឈ្នះ Derby County វគ្គផ្តាច់ព្រ័ត្រ Play-Off League Championship នៅឆ្នាំ២០១៩ ឡើងមកកាន់ English Premier League។ ការមកដល់របស់ Tuanzebe មកកាន់ Aston Villa គឺបន្ទាប់ពីក្លិបទើបតែលក់ចេញកីឡាករនាំលេង Jack Grealish ទៅកាន់ Manchester City ក្នុងតម្លៃ ១០០លានផោន។ Tuanzebe ក៏ជាកីឡាករទី៥ ដែលមកកាន់ Aston Villa ផងដែរបន្ទាប់ពី Danny Ings, Leon Bailey, Emiliano Buendia និង Ashley Young។ រំលឹកថា Axel Tuanzebe គឺជាថ្នាលយុវជនរបស់ Manchester United តាំងពីវ័យ ៨ឆ្នាំ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមធំ ៣៧លើកតាំងពីឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ