
យោធាអ៊ីស្រាអែល បានដកបម្រាមលើការលក់ស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សាពីអ៊ីស្រាអែល និងតំបន់វេសបែង ដោយសារការវាយលុកក្នុងសមរភូមិរបស់ខ្លួន បានរារាំងជំនួយអន្តរជាតិ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន អ្នកជំនួញ និងបុគ្គលិកជំនួយអន្តរជាតិ។
ប្រជាជន បាននិយាយថា អាជ្ញាធរកងទ័ព បានផ្តល់ភ្លើងខៀវដល់ពាណិជ្ជករហ្កាហ្សា ដើម្បីបន្តការទិញរបស់ពួកគេឡើងវិញពីអ្នកផ្គត់ផ្គង់អាហាររបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដូចជាផ្លែឈើស្រស់ បន្លែ និងផលិតផលទឹកដោះគោ នៅក្នុងខែនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកទៅលើទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់នោះ។
ការវាយលុកប្រឆាំងនឹងទីក្រុង ដែលជាច្រកសំខាន់ចូលទៅក្នុងតំបន់ហ្កាហ្សាពីប្រទេសអេហ្ស៊ីប បានបញ្ឈប់លំហូរនៃជំនួយរបស់អង្គការសហប្រជាជាតិ ទៅកាន់ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញនេះ។ អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធពិភពលោកកាន់តែខ្លាំងឡើង ឲ្យបន្ធូរបន្ថយវិបត្តិនេះ ខណៈភ្នាក់ងារមនុស្សធម៌ ព្រមានពីទុរ្ភិក្សដែលកំពុងកើតឡើង។
លោក Ayed Abu Ramadan ប្រធានសភាពាណិជ្ជកម្មតំបន់ហ្កាហ្សា បាននិយាយថា៖«អ៊ីស្រាអែល បានទូរស័ព្ទទៅកាន់អ្នកចែកចាយហ្កាហ្សា ដែលបាននិងកំពុងទិញទំនិញពីតំបន់វេសបែង និងអ៊ីស្រាអែល មុនពេលសង្រ្គាម» ។ «អ៊ីស្រាអែលបានប្រាប់ពួកគេថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលការប្រមូលទិញទំនិញ»។
សារព័ត៌មានរ៉យទ័រ ដែលបានសម្ភាសមនុស្សរាប់សិបនាក់ដែលដឹងពីការអភិវឌ្ឍ គឺជាសារព័ត៌មានដំបូងគេដែលរាយការណ៍អំពីព័ត៌មានលម្អិត និងផលប៉ះពាល់នៃការបន្តផ្គត់ផ្គល់អាហារពាណិជ្ជកម្ម ដែលត្រូវបានដាក់លក់នៅក្នុងទីផ្សារ និងហាង នៅតំបន់ហ្កាហ្សា។