
នៅក្នុងដំណើរស្វែងរករបស់ខ្លួន ដើម្បីបំពេញបន្ថែមចំនួនធ្លាក់ចុះនៃកងពលថ្មើរជើងរបស់ខ្លួន អ៊ុយក្រែន បានងាកទៅរកការជ្រើសរើសអ្នកទោស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយមានជាង ៤ពាន់នាក់ បានដាក់ពាក្យ រហូតមកដល់ពេលនេះ។
នៅក្រោមកិច្ចព្រមព្រៀងដែលផ្តល់ជូនអ្នកទោសដោយរដ្ឋាភិបាល អ្នកទោស នឹងត្រូវជម្រះទោស ដែលនៅសល់ ដោយមិនគិតពីរយៈពេល ប្រសិនបើពួកគេ យល់ព្រមចូលបម្រើការក្នុងជួរកងទ័ព ដោយមិនឈប់សម្រាក រហូតដល់ចុងបញ្ចប់នៃសង្គ្រាមនេះ។
នៅពេលនោះ ពួកគេ នឹងត្រូវបានផ្តល់ការលើកលែងទោស។
លោក Mykola Rybalka ស្ថិតចំណោមអ្នកដែលបានចុះឈ្មោះចូលបម្រើយោធា បានប្រាប់សារព័ត៌មាន រ៉យទ័រ នៅទីធ្លាពន្ធនាគាររបស់ខ្លួន នៅទីក្រុងគីវថា៖«ម្តាយរបស់ខ្ញុំ មានភាពច្របូកច្របល់...ខ្ញុំបានមកទីនេះ អស់រយៈពេល ៥ឆ្នាំហើយ គឺនៅសល់មួយឆ្នាំទៀតប៉ុណ្ណោះ ហើយខ្ញុំនឹងទៅធ្វើសង្គ្រាម»។
លោក Rybalka ដែលបាននិយាយថា ខ្លួនបានជាប់ពន្ធនាគារដោយសារការលួច គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសចំនួន ១២៩នាក់ នៅក្នុងក្រុមមួយមានសមាជិក៧០០នាក់ ដែលបានដាក់ពាក្យចូលបម្រើយោធា នេះបើយោងតាមក្រសួងយុត្តិធម៌។
លោកបាននិយាយថា៖«អ្នកដឹងទេ រយៈពេល ៥ឆ្នាំនៅពីក្រោយជញ្ជាំងទាំងនេះ បន្សល់ទុកនូវសញ្ញាសម្គាល់របស់ពួកគេ។ អ្នកបានឃើញច្រើន និងយល់បានច្រើន។ អ្នកមិនគួរខ្លាចអ្វីទៀតទេ»។
អ៊ុយក្រែនដែលមានប្រជាជនប្រហែល ៣៨លាននាក់ ធៀបនឹង ១៤៤លាននាក់របស់រុស្ស៊ី បានតស៊ូក្នុងការជ្រើសរើសទាហានឲ្យបានគ្រប់គ្រាន់ ជាពិសេសដើម្បីប្រយុទ្ធនៅជួរមុខ ដែលពួកគេទទួលការវាយប្រហារពីសត្រូវ និងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។