
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន បានប្រាប់ឲ្យដឹងនៅឯសន្និសីទសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបប្រជុំគ្នា នាថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ នៅប្រទេសសិង្ហបុរី ជាកន្លែងដែលអ្នកទាំង២ បានពិភាក្សាលើបញ្ហានានា ដែលរួមមានហ្វីលីពីន សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងកោះតៃវ៉ាន់។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគី រវាងមេដឹកនាំការពារជាតិទាំង២ នៅខាងក្រៅកិច្ចប្រជុំកំពូលការពារជាតិរបស់អាស៊ី ដែលជាកិច្ចសន្ទនា Shangri-La។
អ្នកនាំពាក្យលោក Wu Qian បាននិយាយថា ប្រទេសចិនប្តេជ្ញាដោះស្រាយការខ្វែងគំនិតជាមួយហ្វីលីពីនលើសមុទ្រចិនខាងត្បូង ប៉ុន្តែបានព្រមានថា ការអត់ឱនរបស់ខ្លួន ចំពោះការបង្កហេតុ មានដែនកំណត់។
ទាក់ទិននឹងវិបត្តិអ៊ុយក្រែន ដោយដកស្រង់សម្តីរបស់លោក Dong អ្នកនាំពាក្យ លោក Wu បានប្រាប់ថា ប្រទេសចិនតែងតែប្រកាន់ជំហរមិនលម្អៀង។ ហើយលោកក៏បានរិះគន់ដល់សហរដ្ឋអាមេរិកផងដែរ ចំពោះការបញ្ជូនសញ្ញាខុសដ៏គ្រោះថ្នាក់ទៅកាន់ «កងកម្លាំងបំបែកខ្លួន» ដែលគាំទ្រដល់ការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់៕