
រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Antonio Tajani និយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឲ្យអាវុធណាមួយដែលបញ្ជូនទៅកាន់អ៊ុយក្រែន ត្រូវបានប្រើប្រាស់នៅក្រៅទឹកដៅរបស់ពួកគេនោះឡើយ ដើម្បីវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី ។
ពេលធ្វើដំណើរមកដល់ សម្រាប់ជំនួបថ្នាក់រដ្ឋការបរទេសអង្គការណាតូនៅទីក្រុង Pragueប្រទេសឆេក លោក Tajani និយាយថា អ៊ីតាលីត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញពីការធ្វើបែបនេះ ហើយពួកយើងមានគោលបំណងមួយគត់ ជួយនាំសន្តិភាពនៅក្នុងជម្លោះ តាមរយៈការគាំទ្រអ៊ុយក្រែន ដើម្បីការពារដែនដីផ្ទាល់ខ្លួនរបស់ពួកគេ ។
កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានសមាជិកអង្គការណាតូ ថាមិនត្រូវអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេមកលើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាដាច់ខាត ហើយលោកបានលើកឡើងសារជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ ក្រោយប្រទេសសម្ព័ន្ធមិត្តជាច្រើន ដកចេញការរឹតត្បិតលើការប្រើប្រាស់អាវុធដែលត្រូវបានបរិច្ចាគដល់ទីក្រុងគីវ ។
ប្រទេសជាច្រើនដែលបានអំពាវនាវឲ្យបន្ធូរបន្ថយការរឹតត្បិតលើអាវុធរបស់ពួកគេបញ្ជូនឲ្យអ៊ុយក្រែននោះ រួមមានអង់គ្លេស ហូឡង់ ស៊ុយអែត រដ្ឋបាល់ទិក ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ និងបារាំង ៕