
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ នៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ។
លោក Austin និងលោក Hen បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងក្រសួងការពារជាតិសិង្ហបុរី និងក្រសួងការពារជាតិសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ Shangri-La Dialogue គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខអាស៊ីប៉ាស៊ីហ្វិក។ កិច្ចសន្ទនានេះ បង្ហាញពីការពិភាក្សាលើប្រធានបទផ្សេងៗ ដែលរួមមានទាំងសន្តិសុខដែនសមុទ្រ ការប្រឆាំងភេរវកម្ម និងផលប៉ះពាល់ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនលើវិស័យការពារជាតិ។
ហើយនៅក្នុងជំនួបនេះ មេដឹកនាំក្រសួងការពារជាតិទាំង២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមពហុភាគី និងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាទាំងនេះ។
កិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ប្រមូលផ្តុំរដ្ឋមន្ត្រីការពារជាតិ មន្ត្រីយោធា និងអ្នកជំនាញសន្តិសុខមកពីជុំវិញពិភពលោក៕