
ក្រុមអាជ្ញាធរ និយាយថា បច្ចុប្បន្នជំងឺអាសន្នរោគ កំពុងបង្កហានិភ័យនៅរដ្ឋភាគខាងត្បូង Rio Grande do Sul ប្រទេសប្រេស៊ីល ស្របពេលដែលប្រជាពលរដ្ឋចាប់ផ្តើមវិលត្រឡប់មកកាន់គេហដ្ឋានរងការជន់លិចរបស់ពួកគេវិញ ក្រោយទឹកជំនន់ដ៏មហន្តរាយ សម្លាប់មនុស្សយ៉ាងហោច ១៦៩នាក់ ។
យោងតាមក្រុមមន្រ្តីរដ្ឋ បានឲ្យដឹងថា ភ្លៀងចាប់ផ្តើមធ្លាក់កាលពីចុងខែមេសា បណ្តាលឲ្យទឹកឡើងដល់កម្រិតខ្ពស់បំផុតជាប់កំណត់ត្រានៅតាមទន្ល និងបឹងជាច្រើនក្នុងរដ្ឋ Rio Grande do Sul ហើយប្រជាពលរដ្ឋជាង ៥៨ម៉ឺននាក់ បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារទឹកជំនន់ ។
លោក Roberta Vanacor គឺជាប្រធានមន្ទីរតាមដានសុខភាពរដ្ឋ Rio Grande do Sul និយាយថា ជំងឺ Leptospirosis ដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរីមួយប្រភេទនៅក្នុងទឹកនោមរបស់សត្វពាហនៈដូចជាកណ្តុរ ឆ្កែ ជ្រូក សេះជាដើមនោះ បច្ចុប្បន្នបានក្លាយជាក្តីកង្វល់ធំបំផុតរបស់ក្រុមមន្រ្តីសុខភាព ហើយនិងមានករណីឆ្លងកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពរដ្ឋ បានឲ្យដឹងថា ចាប់តាំងពីភ្លៀងចាប់ផ្តើមធ្លាក់ មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺប្រភេទនេះ ខណៈករណីស្លាប់សង្ស័យ ១០នាក់ផ្សេងទៀត ស្ថិតក្រោមការស៊ើបអង្កេត ក្នុងនោះករណីឆ្លងជិត ២.៣០០នាក់ ត្រូវបានគេរាយការណ៍ ៕