
អគ្គិភ័យដ៏ធំមួយ បានលេបត្របាក់រោងចក្រផលិតកំណាត់មួយកន្លែង នៅមជ្ឈមណ្ឌលឧស្សាហកម្ម Manesar ស្ថិតនៅចម្ងាយប្រហែល ៥០គ.មពីទីក្រុងញូវ ដែល្លី ប្រទេសឥណ្ឌា ។
រថយន្តពន្លត់អគ្គិភ័យជាង ២៥គ្រឿង បានរួសរាន់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ដែលបានឆាបឆេះអគារកម្ពស់ច្រើនជាន់ ។
មន្រ្តីអគ្គិភ័យមួយរូប និយាយថា ទោះបីជាពុំមានសេចក្តីរាយការណ៍ពីករណីស្លាប់ ឬរងរបួសក៏ដោយ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកក្នុងការគ្រប់គ្រងអណ្តាតភ្លើង ដោយសារសារធាតុគីមីផលិតកំណាត់ បានធ្វើឲ្យអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំង ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង នៅពុំទាន់អាចបញ្ជាក់បាននោះទេ ហើយសារព័ត៌មានក្នុងស្រុក បានរាយការណ៍ពីឧប្បត្តិហេតុគ្រឿងអគ្គិសនីជាច្រើនបានឆាបឆេះ ដោយសារការប្រើប្រាស់ហួសប្រមាណអំឡុងរលកកម្តៅដ៏ក្តៅខ្លាំង ៕