ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅ ក្នុងពេលបច្ចុប្បន្ននេះ មានការប្រកួតកីឡាប្រដាល់អន្តរជាតិ ដោយប្រើក្បាច់គុនចម្រុះ ឬ ហៅកាត់ថា MMA។ តាមរយៈការប្រកួតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការរៀបចំប្រកួតប្រដាល់ សេរីចម្រុះដែរ ប៉ុន្តែយកតែក្បាច់គុនខ្មែរមកប្រកួតប៉ុណ្ណោះ។
តាមរយៈចម្លាក់នៅបុរាណប្រាសាទនានា បានបង្ហាញឱ្យឃើញថា កម្ពុជាមានក្បាច់គុនជាច្រើន ដែល អាចប្រើទាំងនៅក្នុងចម្បាំងការពារជាតិ ទឹកដី និងការការពារខ្លួន។ យ៉ាងនេះក្ដីដោយសារសង្គ្រាម និង របបប្រល័យពូជសាសន៍ បានធ្វើឱ្យកិត្តិសព្ទកម្ពុជា ហាក់ដូចជាត្រូវពិភពលោកភ្លេច ក្នុងនោះក៏មាន ទាំងក្បាច់គុនបុរាណខ្មែរផងដែរ។
ការស្នើឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យក្បាច់គុនខ្មែរមានការរីកចម្រើនកាន់តែខ្លាំង និងល្បីល្បាញថែមទៀត៕
ដោយ៖ គង់ ឌិន






