
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយ នាថ្ងៃសុក្រ (៣១ ឧសភា) នេះ អ្នកនាំពាក្យយោធាហ៊ួធី លោក Yahya Saree បាននិយាយថា ក្រុមឧទ្ទាមហ៊ួធីរបស់យេម៉ែន បានបើកការវាយប្រហារដោយមីស៊ីលលើនាវាផ្ទុកយន្តហោះអាមេរិក Eisenhower នៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើខេត្ត Sanaa, Hodeidah និង Taiz របស់ប្រទេសយេម៉ែន។
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ួធី បានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះថា មនុស្ស ១៦នាក់ ត្រូវបានសម្លាប់ និង ៣៥នាក់ បានរងរបួស ក្រោយមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអង់គ្លេសទៅលើខេត្ត Hodeidah របស់ប្រទេសយេម៉ែន។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានរាយការណ៍ថា ការវាយប្រហារនេះ បានផ្តោតលើអគារស្ថានីយវិទ្យុមួយ នៅតំបន់ Al-Hawk របស់ខេត្ត Hodeidah និងកំពង់ផែ Salif។
យោធាអាមេរិក និងអង់គ្លេស បាននិយាយថា ពួកគេបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅក្រុមហ៊ួធី ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធពីការរំខានបន្ថែមទៀតលើការដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារគោលដៅចំនួន ១៣ទីតាំង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួធីរបស់ប្រទេសយេម៉ែន៕