
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ បានប្រកាសថា ទីក្រុងមូស្គូ និងក្រុងគីវ បានដោះដូរអ្នកទោសសង្គ្រាមចំនួន ១៥០នាក់ ដោយមានការជួយសម្រុះសម្រួលពីប្រទេសអារ៉ាប់រួម (UAE) ដោយនេះជាការដោះដូរលើកដំបូង បន្ទាប់ពីការចរចារជាប់គាំងជាច្រើនខែ រវាងភាគីជម្លោះទាំង២។
អមដោយការបន្ថែមថា ទាហានអ៊ុយក្រែន ៧៥រូប ក៏ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញផងដែរនោះ ក្រសួងការពារជាតិបានឲ្យដឹងថា៖ «ជាលទ្ធផលនៃការចរចា ទាហានរុស្ស៊ី ៧៥នាក់ ដែលបានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ពេលជាប់ឃុំឃាំងនោះ ត្រូវបានបញ្ជូនត្រឡប់ពីដែនដីដែលគ្រប់គ្រងដោយរបបទីក្រុងគីវវិញហើយ»។
ក្រសួងបានបន្តថា៖ «ប្រទេសអារ៉ាប់រួមបានផ្តល់ការសម្រុះសម្រួលមនុស្សធម៌ អំឡុងការវិលត្រឡប់មកវិញរបស់ពួកទាហានរុស្ស៊ីពីការជាប់ឃុំឃាំងនោះ»។
ការប្រកាសនេះបានកើតមានឡើង ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ពីស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា បានរារាំងដល់កិច្ចប្រឹងប្រែង ដើម្បីទទួលបានការដោះលែងបន្ថែមទៀត ចំពោះទាហានដែលកំពុងជាប់ឃុំឃាំងនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោយមកបានបញ្ជាក់ពីការដោះដូរ នាថ្ងៃសុក្រនេះ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម ដោយលោករៀបរាប់ថា៖ «ថ្ងៃនេះយើងមាននូវលទ្ធផលដ៏ពិសេសអស្ចារ្យ នោះគឺប្រជាជនរបស់យើងចំនួន ៧៥នាក់បន្ថែមទៀត បានវិលត្រឡប់មកកាន់ដែនដីអ៊ុយក្រែនវិញហើយ»៕