
ភ្នំពេញ៖ ក្នុងការងារប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបន្តមានការគាំទ្រ និងចូលរួមពីវិស័យនានាជាច្រើន មានប្រទេសដៃគូ អង្គការដៃគូ និងវិស័យឯកជន តាមរយៈការផ្ដល់នូវគ្រឿងបរិក្ខាសុខាភិបាល គ្រឿងឧបភោគបរិភោគ រួមទាំងសកម្មភាពចុះផ្សព្វផ្សាយ ពីគុណវិបត្តិ និងារអនុវត្តវិធានការផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
ជាក់ស្ដែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water លើការលើកកម្ពស់ការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ពីសុវត្ថិភាពសុខភាព សុខុមាលភាពនៅកម្ពុជា រួមទាំងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងពិធីចុះ MOU ឯកឧត្តម ស ថាវី តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ឲ្យពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ មិនឲ្យអ្នកដែលឆ្លងជំងឺនេះហើយ មានសភាពធ្ងន់ធ្ងរ។
ឯកឧត្តមបន្តថា ទោះមិនអាចកម្ចាត់ចោលជំងឺនេះទាំងស្រុង ប៉ុន្តែយើងអាចការពារជំងឺនេះបាន ដោយតម្រូវឲ្យផ្លាស់ប្តូរទម្លាប់រស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ដូច្ចេះគោលបំណងការចុះអនុស្សរណៈជាមួយ ក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water គឺផ្ដោតលើការពង្រឹង និងអភិវឌ្ឍចំនេះដឹងសុវត្ថិភាពសុខភាព និងសុខុមាលភាពជាសាធារណៈ។
ឯកឧត្តម ស ថាវី បញ្ជាក់ថា ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពតាមបែបទំនើបកម្ម យើងជ្រើសរើស Sakkin Water ជាដៃគូរដោយសារក្រុមហ៊ុននេះ ជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ជប៉ុន និងមានឧបករណ៍សម្លាប់មេរោគជាច្រើនប្រភេទ ស្របតាមតម្រូវការជួយគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងការការពារខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនេះ នឹងជួយគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានី និងតាមបណ្តាខេត្ត។
ក្នុងឱកាសនោះ លោក ឧកញ៉ា តាំង គួង លើកឡើងថា ការបានធ្វើការជាដៃគូជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពីជ័យសេនា ទៀ បាញ់ នឹងអាចចូលរួមពង្រឹង និងអភិវឌ្ឍផ្នែកអនាម័យ ផាសុកភាព នៃការរស់នៅរបស់ពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរក្នុងគន្លងប្រក្រតីភាពថ្មី។
លោកឧកញ៉ាបន្ថែមថា ក្រុមហ៊ុនមានគោលបំណងតែមួយ គឺចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រើប្រាស់ទឹកសម្លាប់មេរោគ ដែលមានគុណភាពល្អ សម្រាប់យុទ្ធនាការចុះចាក់វ៉ាក់សាំងជូនពលរដ្ឋតាមរាជធានី និងខេត្ត ដោយទឹកសម្លាប់មេរោគ សាកគីន មានលក្ខណៈពិសេសគ្រប់គ្រាន់ក្នុងកម្រិត PH ត្រឹមត្រូវ អាចប្រើប្រាស់បាញ់សម្លាប់មេរោគបានលើរាងកាយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងពង្រឹងសុខសុវត្ថិភាព ជូនដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋ ហើយក្រុមហ៊ុននឹងខិតខំសហការ និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យដំណើរការរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ឆាយវ៉ាង Sakkin Water ទៅកាន់ស្ថាប័នរដ្ឋ និងឯកជន ដើម្បីធ្វើសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយចំណេះដឹងពីការការពារសុខភាព អនាម័យ សុខមាលភាពតាមបែបទំនើបកម្មឲ្យបានទូលំទូលាយ៕ អត្ថបទ៖ បាន សុខរិទ្ធិ




