
ក្រសួងការបរទេស នៅថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងរឹតបន្តឹងដល់ការផ្ដល់ទិដ្ឋាការថ្មីលើមន្ត្រីចិន និងហុងកុង ជុំវិញសាលក្រមផ្ដន្ទាទោសនៅក្នុងការកាត់ក្តីច្បាប់សន្តិសុខជាតិ លើអ្នករៀបចំតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង។
គួរបញ្ជាក់ថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន ១៤នាក់ ត្រូវបានរកឃើញថា មានទោស ហើយ ២នាក់ត្រូវបានដោះលែង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នៅក្នុងការកាត់ទោសវិទ្ធង្សនាដ៏សំខាន់មួយ ដែលអ្នករិះគន់និយាយថា អាចធ្វើឲ្យមានផលប៉ះពាល់ដ៏ធំមួយទៀត ចំពោះនីតិរដ្ឋរបស់ទីក្រុង និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសាលក្រមផ្ដន្ទាទោសដែលបានប្រកាស នៅក្នុងការកាត់ក្តីច្បាប់សន្តិសុខជាតិលើអ្នករៀបចំការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង»។
លោកបានបន្ថែមថា៖ «ជនជាប់ចោទត្រូវបានកាត់ទោសដោយហេតុផលនយោបាយ ហើយត្រូវបានកាត់ទោសដោយគ្រាន់តែចូលរួម ក្នុងសកម្មភាពនយោបាយដោយសន្តិវិធី ដែលត្រូវបានការពារក្រោមច្បាប់មូលដ្ឋានរបស់ហុងកុង»។
លោក Miller បានសង្កត់ធ្ងន់ថា ជាលទ្ធផល សហរដ្ឋអាមេរិកនឹងរឹតបន្តឹងដល់ការផ្ដល់ទិដ្ឋាការថ្មីលើមន្ត្រីចិន និងហុងកុង ដែលទទួលខុសត្រូវក្នុងការអនុវត្តច្បាប់សន្តិសុខនេះ៕