ភ្នំពេញ : ក្រុមចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ បានចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី «ការប្រគុំតន្រី្តមិត្តភាព»នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ក្រុមចម្រៀងជាពួកអន្តរជាតិ បានចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី "ការប្រគុំតន្ត្រីមិត្តភាព" នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី ៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ នឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
សូមធ្វើការចូលរួមអោយបានទាំងអស់គ្នា និងរីករាយជាមួយនឹងចម្រៀងរួមគ្នារបស់តារាចម្រៀងដែលមានទេពកោសល្យទាំងអស់នេះ។
សូមរំលឹកថា ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានការចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រី និងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០នាក់ និងអ្នកចម្រៀង ៤៦០,០០០នាក់ ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និងភាពស្រស់ស្អាតនៃការច្រៀងចម្រៀងជាពួក។ ព្រឹត្តិ ការណ៍ នេះប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ០៧ក្រុម និងអ្នកចូលរួមជាង ២០០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ និងការប្រគុំតន្ត្រីមិត្តភាពនៅរាជធានី ភ្នំពេញ មានការប្រមូលផ្តុំ និងបង្ហាញក្រុមចម្រៀងជាពួក ចំនួនប្រាំពីរក្រុម មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងបង្ហាញ ចែករំលែក និងអបអរសាទរវប្បធម៌ នៃប្រទេសនីមួយៗរៀងៗខ្លួន បង្ហាញនូវសោភ័ណ ទេពកោសល្យ គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។ ស្របគ្នានោះដែរ ព្រឹត្តិការណ៍នេះ លើកកម្ពស់ការយល់ដឹង ភាពសុខដុមរមនា សន្តិភាព និងមនុស្សជាតិ។ លោកជំទាវ មានទំនុកចិត្តនិងជឿជាក់ថា កម្មវិធីនេះនឹងអនុញ្ញាតឱ្យយើងកសាង និងអភិវឌ្ឍ យុវជនជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់នៃវប្បធម៌របស់ពួកគេ។ លើសពីនេះទៅទៀត ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ នេះ គាំទ្រគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) ប្រកបដោយមោទកភាព ជាមួយនឹងការឧបត្ថម្ភគាំទ្រពី គោលដៅសហសវត្ស៖ ជំហានកាបូន (Millennium Destinations: The Carbon Footprint), គម្រោងគាំទ្របរិស្ថានកម្ពុជា នៃក្រសួងបរិស្ថាន, ការប្រមូលផ្លាស្ទិច និងឥណទានផ្លាស្ទិចវិញ្ញាបនបត្រនៃ ក្រុមហ៊ុន Tontoton, អង្គការទឹកស្អាត ១០០១ “ទឹកតាមសាលារៀន,” និងកម្មវិធីSIPAR “បណ្ណាល័យ ចល័ត”។
លោកជំទាវ រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា តន្ត្រី គឺជាភាសាសកលគ្មានព្រំដែននិងអនុញ្ញាតឱ្យវប្បធម៌មានការផ្លាស់ប្តូរគ្នា។ តន្ត្រី មានឥទ្ធិពលខ្លាំងក្លា ក្នុង ការ ប្រមូលផ្តុំ មនុស្ស មក ពីគ្រប់ទីកន្លែងនៃ ពិភពលោក។ ក្នុងឱកាសនេះ យើងអបអរសាទរពហុភាពតន្ត្រី និងវប្បធម៌ ហើយកម្ពុជាមានកិត្តិយសក្នុងការស្វាគមន៍វត្តមានភ្ញៀវកិត្តិយសទាំងអស់គ្នា ដើម្បីចែករំលែកចំណង់ចំណូលចិត្តនិងទេពកោសល្យរបស់លោក លោកស្រីជាមួយនឹងយើងទាំងអស់គ្នា។ ក៏សូមថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ INTERKULTUR និង All Dreams Cambodia ចំពោះការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចម្រៀងជាពួក និងការជម្រុញការយល់ដឹងជាអន្តរជាតិ។ មនោសញ្ចេតនា និងការលះបង់របស់លោកអ្នកគឺជាការលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា៕
អត្ថបទ រដ្ឋា



















