
អ្នកជំនាញផ្នែកច្បាប់លោកស្រី Abbe Smith បាននិយាយថា ការប្តឹងឧទ្ធរណ៍ របស់លោក Donald Trump ចំពោះការជម្រះក្តីជាប្រវត្តិសាស្ត្ររបស់លោក លើការចោទប្រកាន់បទព្រហ្មទណ្ឌ នៅទីក្រុងញូវយ៉ក ប្រឈមមុខទៅនឹងបញ្ហាជាច្រើន។
ការប្តឹងឧទ្ធរណ៍នេះ ទំនងជាផ្តោតទៅលើសក្ខីកម្ម មិនសមស្របរបស់តារាភាពយន្តអាសអាភាស នាង Stormy Daniels អំពីទំនាក់ទំនងផ្លូវភេទ ដែលនាងបានចោទប្រកាន់ទៅលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។
វាមិនទំនងជាថា ការប្តឹងឧទ្ធរណ៍ណាមួយ នឹងត្រូវបានដោះស្រាយនៅមុនការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកានោះទេ ដែលលោកTrump ជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ នឹងត្រូវប្រឈមមុខជាមួយប្រធានាធិបតី លោក Joe Biden ។
ចៅក្រមចំនួន១២រូប បានរកឃើញថាលោក Trump មានពិរុទ្ធពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន១៣០.០០០ដុល្លារ របស់អតីតមេធាវីរបស់លោក គឺលោក Michael Cohen ឲ្យទៅនាង Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់របស់នាង នៅមុនពេលការបោះឆ្នោតឆ្នាំ២០១៦ អំពីការជួបទំនាក់ទំនងផ្លូវភេទជាមួយលោកTrump នៅឆ្នាំ២០០៦។
ដើម្បីឈ្នះលើបណ្តឹងឧទ្ធរណ៍ លោក Trump អាយុ៧៧ ឆ្នាំត្រូវតែបង្ហាញថា ចៅក្រម លោក Juan Merchan បានធ្វើឲ្យមានកំហុស ក្នុងការត្រួតពិនិត្យការជម្រះក្តី។

លោក Trump បានឆ្លើយថាគ្មានកំហុស និងបានបដិសេធថា ពុំមានទំនាក់ទំនងផ្លូវភេទជាមួយនាង Daniels នោះទេ។ លោកបានអះអាង ថា ការិយាល័យមេធាវីតំបន់ Manhattan ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ លោក Alvin Bragg បាននាំយកបទចោទប្រកាន់នេះ ដើម្បីបង្អាក់ដល់យុទ្ធនាការបោះឆ្នោតប្រធានាធិបតី របស់លោក។
នៅលើបណ្តឹងឧទ្ធរណ៍ មេធាវីរបស់លោក Trump ទំនងជានឹងជជែកវែកញែកអំពី សក្ខីកម្មរបស់នាង Daniels នៃទំនាក់ទំនងផ្លូវភេទជាមួយលោកTrump នៅក្នុងបន្ទប់សណ្ឋាគារ Lake Tahoe។