
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រ ទី៣១ ខែ ឧសភា ថា សាលក្រមបង្ហាញកំហុសនៅក្នុងការជម្រះក្តីពីបទលុយបំបិទមាត់ របស់លោក ដូណាល់ ត្រាំ បានបង្ហាញឱ្យឃើញថា «គ្មាននរណាម្នាក់នៅលើពីច្បាប់នោះទេ»។ លោក Biden បាននិយាយបន្ថែមថា វាគឺជា «ការធ្វេសប្រហែស និង «គ្រោះថ្នាក់» សម្រាប់ប្រជាជនក្នុងការសាកសួរអំពីសុពលភាពនៃសាលក្រមរបស់គណៈវិនិច្ឆ័យ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក។
ការអត្ថាធិប្បាយពីសេតវិមាន គឺជាការលើកឡើងជាសាធារណៈលើកដំបូងរបស់លោក Biden លើសាលក្រមដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
លោក Biden បាននិយាយថា គណៈវិនិច្ឆ័យរបស់លោក Trump ត្រូវបានជ្រើសរើសតាមរបៀបដូចគ្នាគ្រប់គណៈវិនិច្ឆ័យនៅអាមេរិក ហើយជា ដំណើរការដែលមេធាវីរបស់លោក Donald Trump ជាផ្នែកមួយផងដែរ។
គណៈវិនិច្ឆ័យ បានស្តាប់ការបង្ហាញភស្តុតាងរយៈពេលប្រាំសប្តាហ៍ ហើយប្រាំសប្តាហ៍ បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន គណៈវិនិច្ឆ័យ បានឈានដល់ការចេញសាលក្រមជាឯកច្ឆ័ន្ទ។

ពួកគេបានរកឃើញថា លោក Donald Trump មានទោសលើបទព្រហ្មទណ្ឌទាំង ៣៤ករណី ។
លោក Biden បាននិយាយថា ពេលនេះ លោក Trump នឹងមានឱកាសប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ ដោយសារតែ នោះជារបៀបដែលប្រព័ន្ធយុត្តិធម៌សហរដ្ឋអាមេរិកដំណើរការ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ នៅទីក្រុងញូវយ៉ក លោក Trump បានអះអាងដដែលៗជាញឹកញាប់ថា ករណីដែលលោកត្រូវបានកាត់ទោស គឺធ្វើឡើងដោយ លោក Biden និងមនុស្សរបស់លោក។ ប៉ុន្តែពុំមានភ័ស្តុតាងដែលបង្ហាញថា លោក Biden ជំនួយការសេតវិមានរបស់លោក ឬក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មានតួនាទីណាមួយនៅក្នុងការជម្រះក្តីរបស់មេធាវីតំបន់ Manhattan លោក Alvin Bragg នោះទេ ។