
យ៉ាងហោចណាស់មនុស្ស៣៣នាក់ រួមទាំងមន្ត្រីរៀបចំការបោះឆ្នោត បានបាត់បង់ជីវិតដោយសារជំងឺសុរិយរោគដែលសង្ស័យ នៅក្នុងរដ្ឋប៊ីហា អ៊ុតថាប្រទេស និងរដ្ឋអូឌីសា របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ហើយរលកកម្តៅ នៅក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃសៅរ៍ ទី១ មិថុនានេះ ។
ប្រទេសឥណ្ឌា បាននឹងកំពុងជួបប្រទះរដូវក្តៅ ក្តៅខ្លាំង ហើយផ្នែកមួយនៃរដ្ឋធានីឌេលី បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅប្រទេស ដោយមានសីតុណ្ហភាព ៥២,៩ អង្សាសេ ក្នុងសប្តាហ៍នេះ ទោះបីជា វាអាចត្រូវបានពិនិត្យឡើងវិញដោយនាយកដ្ឋានអាកាសធាតុ ពិនិត្យមើលឧបករណ៍ចាប់សញ្ញារបស់ស្ថានីយ៍អាកាសធាតុ ដែលបានចុះបញ្ជីអំពីអំណាននេះក៏ដោយ។

នាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌា (IMD) ប្រកាសថា រលកកម្តៅមានសីតុណ្ហភាព ខ្ពស់ជាងធម្មតា ៤,៥អង្សាសេ ទៅ៦,៤ អង្សាសេ ដោយបាននិយាយថា ខណៈសីតុណ្ហភាពនៅភាគពាយ័ព្យ និងភាគកណ្តាលប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ រលកកម្តៅដែលកំពុងរាលដាលលើប្រទេសឥណ្ឌាភាគខាងកើត ទំនងជានឹងបន្តរយៈពេលពីរថ្ងៃទៀត។
ផ្នែកខ្លះនៃរដ្ឋ Bihar កំពុងបោះឆ្នោតនៅជុំចុងក្រោយ នៃការបោះឆ្នោត នៅថ្ងៃសៅរ៍នេះ។
មនុស្សរាប់ពាន់លាននាក់ នៅទូទាំងទ្វីបអាស៊ី បាននឹងកំពុងប្រឈមមុខទៅនឹងការកើនឡើងនៃសីតុណ្ហភាព ជានិន្នាការមួយដែលអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែមិនអំណោយផលខ្លាំង ដោយសារតែបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។