
ជាការធ្វើប្រជាមតិលើទសវត្សរ៍នៃការកាន់អំណាចរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ជាតិនិយមហិណ្ឌូ។
ការបោះឆ្នោត ត្រូវបានគេចាត់ទុកថាជាផលវិបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា។ ប្រសិនបើ លោក Modi ទទួលជ័យជម្នះ លោកនឹងក្លាយជាមេដឹកនាំឥណ្ឌាទី២ ដែលកាន់អំណាចសម្រាប់អាណត្តិទីបី បន្ទាប់ពី លោក ចាវ៉ាហាឡាល ណេរូ(Jawaharlal Nehru) ដែលជានាយករដ្ឋមន្ត្រីដំបូង របស់ប្រទេស។
ការបោះឆ្នោតជុំទីប្រាំពីរ ធ្វើឡើងនៅក្នុងមណ្ឌលបោះឆ្នោតចំនួន៥៧កន្លែង នៅទូទាំងរដ្ឋចំនួន៧ និងទឹកដីសហព័ន្ធមួយ នឹងបញ្ចប់ការបោះឆ្នោតសម្រាប់អាសនៈទាំងអស់៥៤៣ នៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល។
អ្នកបោះឆ្នោតជិត៩៧០លាននាក់ ដែលច្រើនជាង១០ភាគរយនៃចំនួនប្រជាជនពិភពលោករបស់ប្រទេសនេះ មានសិទ្ធិបោះឆ្នោតសភាថ្មី សម្រាប់រយៈពេលប្រាំឆ្នាំ។ បេក្ខជនជាង ៨.៣០០នាក់ បានឈរឈ្មោះសម្រាប់តំណែងនេះ។
ការបោះឆ្នោតភាគច្រើន បង្ហាញថា លោក Modi និងគណបក្ស Bharatiya Janata របស់លោក នាំមុខលើសម្ព័ន្ធគណបក្សប្រឆាំង ដែលកំពុងតែប្រកួតប្រជែង ដឹកនាំដោយគណបក្ស Congress។ សន្លឹកឆ្នោត នឹងត្រូវបានគេរាប់នៅថ្ងៃអង្គារ ដោយលទ្ធផលរំពឹងទុក នៅចុងបញ្ចប់នៃថ្ងៃនោះ។

យុទ្ធនាការរបស់លោក Modi ដែលកំពុងប្រជែង សម្រាប់អាណត្តិទីបីជាប់ៗគ្នានេះ បានចាប់ផ្តើមនៅលើវេទិកានៃវឌ្ឍនភាពសេដ្ឋកិច្ច។ លោកបានសន្យាថា នឹងលើកស្ទួយប្រជាជនក្រីក្រ និងប្រែក្លាយប្រទេសឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។
ចាប់តាំងពីឡើងកាន់តំណែងដំបូងក្នុងឆ្នាំ ២០១៤ លោក Modi ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ អ្នកគាំទ្ររបស់លោក មើលឃើញថា លោក ជាអ្នកដឹកនាំដ៏រឹងមាំ ដែលបង្កើតដោយខ្លួនឯង បានធ្វើឲ្យប្រសើរជំហររបស់ប្រទេសឥណ្ឌា នៅក្នុងពិភពលោក ហើយផ្តល់គោលនយោបាយគាំទ្រពាណិជ្ជកម្មរបស់លោក ដោយការធ្វើឱ្យសេដ្ឋកិច្ចក្លាយជាប្រទេសធំជាងគេទីប្រាំ របស់ពិភពលោក។