
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនស៊ូដង់ កំពុងស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្សដែលជិតមកដល់។ រយៈពេលជាងមួយឆ្នាំនៅក្នុងសង្រ្គាម រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ប្រជាជនប្រហែល១៨ លាននាក់ បានជួបភាពស្រេកឃ្លានរួចទៅហើយ។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា កុមារ ៣,៦ លាននាក់ កំពុងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ពេលវេលាកំពុងអស់ សម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមទោនឹងគ្រោះទុរ្ភិក្ស ហើយពួកគេបានភៀសខ្លួនចេញពីលំនៅឋាន ពីទឹកដីរបស់ពួកគេ ដែលរស់នៅក្រោមការទម្លាក់គ្រាប់បែក និងកាត់ផ្តាច់ជំនួយមនុស្សធម៌ កាលពីខែមេសា ឆ្នាំ២០២៣ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី Khartoum ហើយបានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។

វាបានឆាបឆេះឡើងវិញការបង្ហូរឈាមជនជាតិភាគតិច នៅក្នុងតំបន់ Darfur ភាគខាងលិច ហើយបានបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញ ជាវិបត្តិជនភៀសខ្លួនធំបំផុតរបស់ពិភពលោក។ យោងតាមទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានហានិភ័យនៃអំពើប្រល័យពូជសាសន៍នៅផ្នែកខ្លះនៃទីក្រុង Darfur។
អង្គការមនុស្សធម៌ពិភពលោកចំនួន១៩អង្គការ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន១២ បច្ចុប្បន្ននេះ បានព្រមានថា ប្រសិនបើពួកគេនៅតែមានការបន្តរារាំងមិនឲ្យផ្ដល់ជំនួយនៅក្នុងប្រទេសស៊ូដង់ នោះគ្រោះទុរ្ភិក្សទំនងជានឹងកើតឡើងនៅក្នុងផ្នែកដ៏ធំរបស់ប្រទេសនេះ ដែលប្រជាជនកាន់តែច្រើននឹងភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយកុមារនឹងកើតមានជំងឺ និងកង្វះអាហារូបត្ថម្ភ ខណៈស្ត្រី និងក្មេងស្រី នឹងប្រឈមមុខទៅនឹងការរងទុក្ខ និងគ្រោះថ្នាក់ កាន់តែច្រើនថែមទៀត។