ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ “ពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ។
កម្មវិធីបើកឲ្យដំណើរពិព័រណ៍ នាព្រឹកថ្ងៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ធុរជន វិនិយោគិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រេីននាក់។
តាមការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្មវិធីនេះ រៀបចំឡេីងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងផលិត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថាក្នុងពេល ដែលពិភពលោកបាននិងកំពុងជួបវិបត្តិនានា ដូចជា ការប្រែប្រួលអាកាសធាតុ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កម្ពុជា មិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង ៨,៤លានតោន ដូចជា ស្រូវ អង្ករ ចន្ទី ដំឡូងមី ម្រេច ចេក ស្វាយ មៀនប៉ៃលិន។ល។ ទៅកាន់ទីផ្សារបរទេសទៀតផង និងបាននាំមកវិញនូវចំណូលជារូបិយបណ្ណ អន្តរជាតិ ជាង ៤,៣០០លានដុល្លារ ក្នុងឆ្នាំ២០២៣កន្លងទៅ។
ក្នុងឱកាសអញ្ជើញចូលរួមបើកកម្មវិធីពិព័រណ៍នេះ លោកជំទាវ មានប្រសាសន៍បើកកម្មវិធីនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពួនជ្រើស្មារតីជាតិនិយម គាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ។
ជាមួយនេះលោកជំទាវបណ្ឌិត បានស្នេីរដល់អ្នកទទួលទាន និងអ្នកមានតម្រូវការ ត្រូវបន្តពួនជ្រុំ និងពង្រឹងពង្រីកចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ក្នុងគ្រប់កាលៈទេសៈដែលអាចអនុវត្តបាន ក្នុងនាមជាពលរដ្ឋខ្មែរ ថែមទាំងបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារដ៏ទៃទៀត ព្រមទាំងសមាគមចុងភៅ សមាគមទេសចរណ៍ និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនថែមទៀតក្នុងចលនានេះ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្មដែលជាអ្នកផលិត ត្រូវបង្កើនការយកចិត្តទុកដាក់គិតគួរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹង ទំនុកចិត្តទៅវិញទៅមក៕ ដោយ ៖ បូរ៉ាវី






















