
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) ត្រូវបានគេរំពឹងថា នឹងចូលរួមសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី នៅចុងសប្តាហ៍នេះ ខណៈដែលអ៊ុយក្រែនប្រឈមមុខនឹងការវាយលុកជាថ្មីពីរឆ្នាំ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានឈ្លានពាន។
ប្រភពចំនួនពីរ បាននិយាយថា លោក ហ្ស៊េឡិនស្គី នឹងថ្លែងទៅកាន់គណៈប្រតិភូ នៅឯកិច្ចសន្ទនា Shangri-La Dialogue នៅថ្ងៃសៅរ៍ (ទី១ ខែមិថុនា)នេះ។ ប្រភពទាំងអស់ បដិសេធមិនឲ្យគេកំណត់អត្តសញ្ញាណ ដោយសារតែភាពរសើបនៃបញ្ហានេះ។
ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសសិង្ហបុរី មិនបានឆ្លើយតបនឹងសំណើរបស់សារព័ត៌មានរ៉យទ័រសុំការអត្ថាធិប្បាយទេ។ ការិយាល័យរបស់លោក ហ្ស៊េឡិនស្គី នៅទីក្រុងគីវ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ពុំមានគណៈប្រតិភូរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខសិង្ហបុរី ចាប់តាំងពីឆ្នាំ ២០២២មក។

លោក ហ្ស៊េឡិនស្គី ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែឧសភា)ថា រុស្ស៊ីនៅតែព្យាយាមរំខានដល់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដាច់ដោយឡែកមួយ នៅខែក្រោយ ដែលផ្តោតទៅលើការលុកលុយនោះ ហើយថា ខ្លួនកំពុងដាក់សម្ពាធលើប្រទេសនានា ឲ្យដកខ្លួនពីកិច្ចប្រជុំនេះ។
កិច្ចសន្ទនា Shangri-La Dialogue ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេសសិង្ហបុរីដោយវិទ្យាស្ថានអន្តរជាតិនៃការសិក្សាយុទ្ធសាស្ត្រសម្រាប់រយៈពេល ២១ឆ្នាំចុងក្រោយនេះ ត្រូវបញ្ចប់ នៅថ្ងៃអាទិត្យ (ទី២ មិថុនា)។