ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ក្រោមវត្តមាន ឯកឧត្តម Pablo Kang ជាអគ្គរាជទូត បានបន្តសកម្មភាពនាំយកនូវសម្ភារការពារជំងឺកូវីដ–១៩ ជាច្រើនប្រគល់ជូនមជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង និងក្រចេះ ដើម្បីផ្តល់ជូនជនពិការដែលមកទទួលសេវា។
ឯកឧត្តម Pablo Kang អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងវត្តមានរបស់ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្មវិធី ACCESS និងមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី ៣០ កញ្ញានិងថ្ងៃទី០១ តុលា បាននាំយកនូវសម្ភារការពារជំងឺកូវីដ១៩ ជាច្រើនជួយដល់ មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង និងក្រចេះ។ អំណោយដែលប្រគល់ជូនទាំងនោះរួមមាន អាកុលចំនួន៨១០ដប ម៉ាស់វះកាត់ចំនួន៧០ប្រអប់ ម៉ាស់ក្រមាចំនួន៨១០ម៉ាស់ ស្រោមដៃចំនួន៤០ប្រអប់។
ក្នុងឱកាសកម្មវិធីនេះ ឯកឧត្តម Pablo Kang បានលើកឡើងនូវក្តីសោមនស្សជាមួយនឹងសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺនេះបានល្អ។ ឯកឧត្តមបន្តថា ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលកន្លងមកនេះ ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានផ្តល់នូវសម្ភារការពារជំងឺកូដ១៩ ជូនមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា៣រួចមកហើយ នៅខេត្តសៀមរាប តាកែវ និងមណ្ឌលគៀនឃ្លាំង(ភ្នំពេញ)។
សម្រាប់ការទទួលបានសម្ភារការពារសុវត្ថិភាពពីជំងឺ កូវីដ១៩នេះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី ដែលបានឧបត្ថម្ភនូវសម្ភារការពារទាំងនេះ ដល់មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាទាំង២ ដែលពិតជាបានរួមចំណែកដល់ការរក្សាសុវត្ថិភាពដល់ជនពិការ និងមន្ត្រីបម្រើសេវា។ លោកបន្តថា រយៈពេល៩ខែដើមឆ្នាំ២០២០នេះ ដោយសារមានផលប៉ះពាល់នៃជំងឺកូវីដ១៩ មជ្ឈមណ្ឌលខេត្តព្រៃវែង និងក្រចេះ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការចំនួន ៩៧៩នាក់ គឺមានការធ្លាក់ចុះប្រមាណ១៤%ធៀបនឹងការផ្តល់សេវាក្នុងឆ្នាំ២០១៩។
ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល និងមានការជួយគាំទ្រពីក្រសួងអាណាព្យាបាលរបស់ខ្លួន មូលនិធិជនពិការបានរក្សាបាននូវការផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនជនពិការ តាមរយៈការរៀបចំឱ្យមានឧបករណ៍ការពារ ការធ្វើអនាម័យជាប្រចាំ ការផ្តល់ជាម៉ាស់និងទឹកអាកុល និងការណែនាំអប់រំនានាដល់ជនពិការ៕ អត្ថបទ៖ គឹមហុក
