
រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Dong Jun បានជំរុញសមភាគីសហរដ្ឋអាមេរិករបស់លោក Lloyd Austin ឲ្យបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់ក្រុមបំបែកខ្លួន «ឯករាជ្យតៃវ៉ាន់» អំឡុងពេលកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃសុក្រ រវាងប្រមុខការពារជាតិទាំងពីរ នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេសសិង្ហបុរី។ .
ក្នុងជំនួបនោះ លោក Dong បានលើកឡើងថា ការវិវឌ្ឍដ៏ល្អនៃទំនាក់ទំនងយោធាចិន-អាមេរិក បម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងបំពេញតាមការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិ។
ដោយកត់សម្គាល់ពីស្ថិរភាពដែលទទួលបានយ៉ាងលំបាកនៃទំនាក់ទំនងយោធា និងយោធាបច្ចុប្បន្នរវាងចិន និងសហរដ្ឋអាមេរិក លោក Dong បាននិយាយថា យោធាទាំងពីរ គួរតែប្រកាន់ខ្ជាប់នូវកត្តាដ៏សំខាន់ នៃភាពគ្មានជម្លោះ និងគ្មានការប្រឈមមុខគ្នា ហើយពិតជាដើរតួជាមូលដ្ឋានគ្រឹះនៃស្ថិរភាព ក្នុងទំនាក់ទំនងទ្វេភាគី។
លោក Dong បានបញ្ជាក់ថា គោលបំណងនៃការប្រាស្រ័យទាក់ទងគ្នារវាងយោធា និងយោធា គឺដើម្បីបង្កើនការយល់ដឹង លុបបំបាត់ការយល់ច្រឡំ និងប្រមូលផ្តុំការជឿទុកចិត្តគ្នាទៅវិញទៅមក ខណៈបង្ហាញក្តីសង្ឃឹមថា ភាគីសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពតាមពាក្យសម្តីរបស់ខ្លួន ជួបជាមួយប្រទេសចិនពាក់ កណ្តាលផ្លូវ និងអនុវត្តដោយស្មោះស្ម័គ្រនូវកិច្ចព្រមព្រៀងដែលសម្រេចបានដោយប្រមុខរដ្ឋពីរ។
លោកក៏បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់តម្លៃដល់សន្តិភាព ផ្តល់អាទិភាពដល់ស្ថិរភាព រក្សាភាពជឿជាក់ ពង្រឹងការផ្លាស់ប្តូរទស្សនៈជាមួយប្រទេសចិន និងទទួលខុសត្រូវរបស់ខ្លួន ដើម្បីស្វែងរកផ្លូវត្រឹមត្រូវសម្រាប់យោធាទាំងពីរ ក្នុងការរួមរស់ជាមួយគ្នា ស្របតាមផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងការរំពឹងទុករបស់ពិភពលោកទាំងមូល។
លោក Dong បានគូសបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។
