
ប្រមុខអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) កាលពីសុក្រ បានច្រានចោលការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលថា ការអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី អាចនាំឲ្យមានការកើនឡើងភាពតានតឹងកាន់តែខ្លាំងឡើង។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូនៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆេក លោក ស្តូលថិនប៊ឺក បាននិយាយថា សម្ព័ន្ធភាពបានឮការព្រមានបែបនេះជាច្រើនដងពីមុនមក ហើយការការពារខ្លួន មិនមានការកើនឡើងនោះទេ។
លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖«នេះមិនមែន ជារឿងថ្មីទេ។ វាបានកើតឡើងជាយូរមកហើយ ដែលរាល់ពេលសម្ព័ន្ធមិត្តណាតូ ផ្តល់ការគាំទ្រដល់អ៊ុយក្រែន លោកប្រធានាធិបតី ពូទីន កំពុងព្យាយាមគំរាមកំហែងយើងមិនឲ្យធ្វើដូច្នេះ»។
«ពិតមែនហើយ មានការការកើនឡើងភាពតានតឹង គឺប្រទេសរុស្ស៊ី បានបង្កើនភាពតានតឹង ដោយការឈ្លានពានប្រទេសមួយផ្សេងទៀត»។

កាលពីថ្ងៃអង្គារ លោកពូទីន បានព្រមានសមាជិកណាតូប្រឆាំងនឹងការអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់អាវុធរបស់ពួកគេ ចូលទៅក្នុងប្រទេសរុស្ស៊ី និងបានលើកឡើងជាថ្មីម្តងទៀតនូវហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរបន្ទាប់ពីសម្ព័ន្ធមិត្តជាច្រើន បានលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលបានបរិច្ចាគដល់ទីក្រុងគីវ។
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយគួរឲ្យកត់សម្គាល់ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានយល់ព្រមឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងវាយប្រហារលើទីក្រុងខាគីវរបស់អ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) នៅទីក្រុងប្រាក។